អ៊ីស្រាអែលបោះទុនរាប់ពាន់លានដុល្លារទិញ F-35 និង F-15IA ពង្រឹងអំណាចអាកាស ឆ្លើយតបការគំរាមពីអ៊ីរ៉ង់

អ៊ីស្រាអែលបោះទុនរាប់ពាន់លានដុល្លារទិញ F-35 និង F-15IA ពង្រឹងអំណាចអាកាស ឆ្លើយតបការគំរាមពីអ៊ីរ៉ង់

ប្រទេសអ៊ីស្រាអែលបានបោះជំហានយ៉ាងសំខាន់ក្នុងការពង្រឹងកម្លាំងយោធា បន្ទាប់ពីគណៈកម្មាធិការទិញសម្ភារៈយោធាបានអនុម័តផែនការទិញយន្តហោះប្រយុទ្ធជំនាន់ថ្មី F-35 និង F-15IA ពីក្រុមហ៊ុនយក្សអាមេរិក Lockheed Martin និង Boeing ក្នុងកិច្ចព្រមព្រៀងដ៏ធំមួយដែលមានតម្លៃរាប់សិបពាន់លានដុល្លារ។

យន្តហោះប្រយុទ្ធ F-35 និង F-15IA

នេះគឺជាជំហានដំបូងក្រោមផែនការដ៏មហិមា ដែលមានទឹកប្រាក់សរុបប្រមាណ 350 ពាន់លានសេកែល (ប្រហែល 119 ពាន់លានដុល្លារ) ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនឱ្យកាន់តែរឹងមាំ។

នាយករដ្ឋមន្ត្រី Benjamin Netanyahu បានលើកឡើងថា ថវិកាការពារជាតិថ្មីនេះ នឹងផ្តោតសំខាន់លើការជំរុញការផលិតអាវុធនៅក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសក្រៅ ព្រមទាំងអភិវឌ្ឍយន្តហោះបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។

ក្រសួងការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ថា យន្តហោះថ្មីទាំងនេះនឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍកម្លាំងយោធារយៈពេលវែង និងធានាការរក្សាអំណាចអាកាសលើសគូប្រជែងក្នុងតំបន់។

យន្តហោះ F-35

រដ្ឋមន្ត្រីការពារជាតិ Israel Katz បានគូសបញ្ជាក់ថា យន្តហោះជំនាន់ថ្មីទាំងនេះនឹងនាំមកនូវបច្ចេកវិទ្យាបញ្ជាអតូណូម (autonomous flight) ប្រព័ន្ធការពារជំនាន់ថ្មី និងសមត្ថភាពយោធាក្នុងអវកាស ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើមដល់កងទ័ពអាកាសអ៊ីស្រាអែល។

មន្ត្រីយោធាជាន់ខ្ពស់បានលើកឡើងថា សង្គ្រាមថ្មីៗជាមួយអ៊ីរ៉ង់ បានបង្ហាញពីសារៈសំខាន់ដ៏ធំធេងនៃអំណាចអាកាស និងទំនាក់ទំនងយុទ្ធសាស្ត្រដ៏រឹងមាំជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូសំខាន់ក្នុងការផ្គត់ផ្គង់សព្វាវុធទំនើបនេះ។

administrator

Related Articles