រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីបំភ្លឺជុំវិញពាក្យបណ្តឹងរបស់លោក ឯម សុខសុវណ្ណ ដែលជាប្រធានគណបក្សនយោបាយមួយរូប ដែលបានប្តឹងមន្ត្រីរាជការចំនួន ១០ រូប នៃក្រុមត្រួតពិនិត្យការប្រកាសពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៣ របស់ខេត្តព្រៃវែង។
បើតាមការបំភ្លឺរបស់ ACU កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឯម សុខសុវណ្ណ បានដាក់ពាក្យប្តឹងមន្ត្រីទាំង ១០ រូប ទៅសាលាដំបូងខេត្តព្រៃវែង ពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទឆបោក ដោយចោទថាប្រាក់ពន្ធដែលខ្លួនបានបង់ត្រូវបានរក្សាទុកជាប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្ត្រី។

បន្ទាប់ពីទទួលសំណុំរឿងពីអយ្យការអមសាលាដំបូងខេត្តព្រៃវែងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ACU បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយកោះហៅអ្នកពាក់ព័ន្ធចំនួន ១២ នាក់ និងស្នើសុំការបំភ្លឺពីអគ្គនាយកដ្ឋានពន្ធដារ។
លទ្ធផលនៃការស្រាវជ្រាវបានរកឃើញការពិតដូចខាងក្រោម៖
ទី១៖ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមត្រួតពិនិត្យបានរកឃើញថា លោក ឯម សុខសុវណ្ណ ពុំទាន់បានបង់ពន្ធលើរថយន្ត LEXUS LX 470 ឆ្នាំ១៩៩៩ សម្រាប់ឆ្នាំ២០២៣ នៅឡើយទេ។ លោកត្រូវបានកំណត់ឱ្យបង់ពន្ធសរុបចំនួន ១,៦០០,០០០ រៀល រួមទាំងប្រាក់ពិន័យចំនួន ៨០០,០០០ រៀល។ លោកបានស្នើសុំកក់ប្រាក់ត្រឹមតែ ៨០០,០០០ រៀលប៉ុណ្ណោះ។

ទី២៖ នៅថ្ងៃកំណត់ទី៣១ ខែមីនា ឆ្នាំ២០២៤ លោក ឯម សុខសុវណ្ណ មិនបានបង់ពន្ធបង្គ្រប់តាមការសន្យាទេ គឺបានបង់ត្រឹមតែ ២០០,០០០ រៀលប៉ុណ្ណោះ។ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ (ហួសពេលកំណត់ ៣ ខែ) ទើបលោកបង់ប្រាក់ចំនួន ៧០០,០០០ រៀល។
ទី៣៖ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឯម សុខសុវណ្ណ បានព្យាយាមបង់ពន្ធតាមកម្មវិធី GDT Taxpayer App តែមិនអាចបង់បាន ដោយសារប្រាក់ពន្ធឆ្នាំ២០២៣ មិនទាន់ត្រូវបានបញ្ចូលក្នុងប្រព័ន្ធ។ ប្រាក់ពន្ធដែលលោកបានបង់មិនគ្រប់ចំនួននេះ ត្រូវបានរក្សាទុកក្នុងទូដែករបស់ការិយាល័យពន្ធដារស្រុកពាមរក៍ រង់ចាំលោកមកបង់បង្គ្រប់។

ទី៤៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីពន្ធដារបានទាក់ទង និងចុះទៅជួបលោក ឯម សុខសុវណ្ណ ដោយបានបោះពុម្ពលតាបត្រពន្ធឆ្នាំ២០២៤ យកទៅជាមួយ ក្នុងបំណងឱ្យលោកបង់ពន្ធបង្គ្រប់ចំនួន ៧០០,០០០ រៀល តែលោកពុំព្រមបង់ទេ ទើបលតាបត្រត្រូវបានមោឃភាពវិញ។
ទី៥៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក ឯម សុខសុវណ្ណ បានទទួលស្គាល់នៅចំពោះមុខ ACU ថាពិតជាមិនបានបង់ពន្ធរថយន្តរបស់ខ្លួនក្នុងឆ្នាំ២០២៣ រហូតដល់ថ្ងៃត្រូវបានក្រុមត្រួតពិនិត្យរកឃើញ។ ទោះបី ACU បានពន្យល់ពីមូលហេតុដែលប្រាក់ពន្ធមិនត្រូវបានបញ្ចូលក្នុងប្រព័ន្ធក៏ដោយ ក៏លោកនៅតែមិនព្រមទទួលយកការពន្យល់។

លោក ឯម សុខសុវណ្ណ បានបន្តចោទប្រកាន់ថា លោក ឃឹម ហៀង ជាអ្នកស៊ីដាច់ប្រាក់ពន្ធ និងចោទថាមានអ្នកបង់ពន្ធជំនួសខ្លួន ប៉ុន្តែ ACU បានបញ្ជាក់ថាការចោទប្រកាន់ទាំងនេះគឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឯម សុខសុវណ្ណ ថែមទាំងបានដាក់ពាក្យប្តឹងទៅសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយចោទ ACU ថាមិនមានចំណាត់ការលើសំណុំរឿងរបស់ខ្លួន ខណៈដែល ACU បានជម្រាបជូនរូបគាត់រួចហើយអំពីលទ្ធផលនៃការស្រាវជ្រាវ។
ACU បានសន្និដ្ឋានថា ការប្តឹងរបស់លោក ឯម សុខសុវណ្ណ គឺជាការប្តឹងដែលគ្មានមូលដ្ឋាន និងមិនមែនជាការពិត ដែលបាននាំឱ្យសាលាដំបូងខេត្តព្រៃវែង និង ACU ធ្វើការស្រាវជ្រាវដោយអសារឥតការ។ លោកក្នុងនាមជាប្រធានគណបក្សនយោបាយមួយរូប គួរតែជាអ្នកធ្វើគំរូល្អក្នុងការគោរពច្បាប់ និងបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ តែផ្ទុយទៅវិញ លោកបែរជាព្យាយាមគេចវេះ និងប្តឹងចោទប្រកាន់មន្ត្រីពន្ធដារដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនទៅវិញ៕
