វ៉ាស៊ីនតោន ឌី.ស៊ី. — ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក (USSS) បានប្រកាសថា មន្ត្រីរបស់ខ្លួនបានបាញ់បុរសប្រដាប់អាវុធម្នាក់នៅព្រឹកថ្ងៃចន្ទ ក្បែរវិមានវ៉ាស៊ីនតោន បន្ទាប់ពីគាត់បានបាញ់ទៅលើភ្នាក់ងារ និងធ្វើឱ្យក្មេងជំទង់ម្នាក់រងរបួសធ្ងន់។

លោក Matt Quinn អនុប្រធាន USSS បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា មុនកើតហេតុការណ៍ ភ្នាក់ងារល្បាតបរិវេណខាងក្រៅសេតវិមានបានសម្គាល់ឃើញបុរសសង្ស័យម្នាក់ដែលហាក់ដូចជាមានអាវុធ។ នៅពេលភ្នាក់ងារស្លៀកឯកសណ្ឋានចូលទៅជិត ជនសង្ស័យបានរត់គេច ហើយបាញ់ទៅលើមន្ត្រី បង្ខំឲ្យភ្នាក់ងារបាញ់តបវិញរហូតដល់រងរបួសធ្ងន់។
ប្រភពព័ត៌មានជិតស្និទ្ធនឹងការស៊ើបអង្កេតបានបញ្ជាក់ថា ជនសង្ស័យជាបុរសស្បែកសអាយុ ៤៥ ឆ្នាំ មានទីលំនៅទាំងរដ្ឋ Maryland និង Texas ត្រូវបានបាញ់ចំដងខ្លួន ហើយបច្ចុប្បន្នស្ថិតក្នុងស្ថានភាពមានស្ថេរភាពនៅមន្ទីរពេទ្យក្នុងស្រុក។

ក្មេងជំទង់ដែលត្រូវបានជនសង្ស័យវាយប្រហារបានរងរបួសស្នាមធ្ងន់ធ្ងរ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតទេ ខណៈរថយន្តសង្គ្រោះបានដឹកទៅមន្ទីរពេទ្យភ្លាមៗ។ គួរបញ្ជាក់ថា គ្មានបុគ្គលិកសេវាសម្ងាត់ណាម្នាក់រងរបួសឡើយ។
របាយការណ៍បន្ថែមបានឲ្យដឹងថា ក្បួនរថយន្តអនុប្រធានាធិបតី J.D. Vance បានបើកកាត់តំបន់កើតហេតុនៅប៉ុន្មានប្លុកខាងត្បូងសេតវិមាន ប៉ុន្តែមិនមានគ្រោះថ្នាក់ឡើយ ដោយក្បួនរថយន្តបានបង្វែរទិសដៅភ្លាមៗតាមការប្រុងប្រយ័ត្នខ្ពស់។

លោកប្រធានាធិបតី Donald Trump ដែលកំពុងថ្លែងក្នុងព្រឹត្តិការណ៍មួយនៅបន្ទប់ខាងកើតសេតវិមានភ្លាមៗក្រោយហេតុការណ៍ ត្រូវបានសេវាសម្ងាត់ធានាថាគ្មានគ្រោះថ្នាក់ និងគ្មានទំនាក់ទំនងរវាងឧប្បត្តិហេតុនេះជាមួយសេតវិមានឡើយ។ សេវាសម្ងាត់ក៏បានជម្លៀសក្រុមអ្នកសារព័ត៌មានសេតវិមានចេញពី North Lawn ប្រហែលប្រាំនាទី មុនពេលអនុញ្ញាតឲ្យត្រឡប់មកវិញ។
ហេតុការណ៍នេះកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីលោក Cole Tomas Allen អាយុ ៣១ ឆ្នាំមកពីរដ្ឋកាលីហ្វ័រញ៉ាត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារនៅសណ្ឋាគារវ៉ាស៊ីនតោនឌីស៊ី ជាកន្លែងពិធីជប់លៀងសមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ដោយលោក Allen ត្រូវបានចោទពីបទប៉ុនប៉ងធ្វើឃាតលោក Trump តែមិនទាន់សារភាពកំហុសនៅឡើយ។
ប្រភព៖ CNN
