ក្រសួងអប់រំគាំទ្រពេញទំហឹងការប្រកួតបាល់ទាត់ពានរង្វាន់កុមារ អាយុក្រោម១២ និង១៤ឆ្នាំ

ក្រសួងអប់រំគាំទ្រពេញទំហឹងការប្រកួតបាល់ទាត់ពានរង្វាន់កុមារ អាយុក្រោម១២ និង១៤ឆ្នាំ

រាជធានីភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី១ ឧសភា ថា ក្រសួងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់កុមារ អាយុក្រោម១២ឆ្នាំ និង១៤ឆ្នាំ ដែលជាការប្រកួតបែបសហគមន៍ ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨។

តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បន្តថា ការប្រកួតនេះបានរួមចំណែកបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានកីឡាតាំងពីតូច ដើម្បីឱ្យពួកគេមានឱកាសស្នងតំណែងអ្នកជំនាន់មុន ជាពិសេសក្នុងវិស័យបាល់ទាត់ដែលកម្ពុជាកំពុងរីកចម្រើន។

ជាក់ស្ដែង គ្រួសារលោក ពែក មី គឺជាគំរូស្រាប់ លោកមិនត្រឹមតែបានបណ្ដុះបណ្ដាលកូនៗឱ្យលេងបាល់ទាត់ប៉ុណ្ណោះទេ ថែមទាំងជួយដល់កុមារតូចៗជាច្រើននាក់ដែលមាននិស្ស័យចូលចិត្តលេងបាល់ទាត់ ឱ្យមកហាត់លេងនៅទីលានរបស់គាត់យ៉ាងកុះករ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្នកចូលចិត្តកីឡាគេមិនដែលគិតរឿងចំណេញនោះទេ ធ្វើយ៉ាងណាដើម្បីសកម្មភាពកីឡា និងចូលរួមអភិវឌ្ឍសង្គម កសាងគុណភាពជីវិត អប់រំផ្លូវកាយនិងផ្លូវចិត្ត។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងទៀតថា សកម្មភាពកីឡាគឺជាចលនាមួយរបស់អូឡាំពិក ជាពិសេសការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់អាយុក្រោម១៤ឆ្នាំ គឺជាគំរូដ៏ល្អសម្រាប់អ្នកផ្សេងក្នុងការចូលរួមក្នុងបាល់ទាត់។ ទន្ទឹមគ្នា ក្រសួងអប់រំតែងតែយកចិត្តទុកដាក់លើការលេងកីឡាជាចម្បង ព្រោះការលេងកីឡាអាចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋបានច្រើន។

លោក ង៉ែត វិទ្ធី មន្ត្រីគណៈកម្មការរៀបចំការប្រកួត ឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់កុមារធ្វើឡើងកម្រិតអាយុក្រោម១២ឆ្នាំ និងក្រោម១៤ឆ្នាំ ក្នុង១កម្រិតយកតែ១៦ក្រុម។ ការប្រកួតនឹងធ្វើឡើងចាប់ពីចុងខែឧសភា ដោយវគ្គជម្រុះនៅភ្នំពេញ បាត់ដំបង សៀមរាប រីឯវគ្គផ្ដាច់ព្រ័ត្រធ្វើនៅភ្នំពេញ។ គណៈកម្មការប្រកាសឱ្យមានការចុះឈ្មោះដោយសេរី។

អត្ថបទសរសេរដោយ៖ អ៊ុំ សំអូន | កែសម្រួលដោយ៖ ធីតា

administrator

Related Articles