រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

ការអញ្ជើញនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។ អមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល រួមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ដោយផ្តោតលើ៖ ១) សន្តិសុខថាមពលក្នុងតំបន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាពប្រជាពលរដ្ឋអាស៊ាន ព្រមទាំងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ។
ក្នុងឱកាសនេះ សម្តេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួមផងដែរ៕
