ប្រទេសចិន ៖ ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នា ថ្ងៃទី៥ ឧសភា ថា ការផ្ទុះដ៏ខ្លាំងក្នុងរោងចក្រកាំជ្រួចភ្លើងមួយ នៅភាគកណ្ដាលចិន បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២១នាក់ និង៦១នាក់រងរបួស។

ទូរទស្សន៍នោះគូសបញ្ជាក់ថា ការផ្ទុះកើតមាន នាថ្ងៃទី៤ ឧសភា វេលាម៉ោង១៦ និង៤៣នាទីម៉ោងក្នុងស្រុក ក្នុងរោងចក្រ LIUYANG HUASHENG FIREWORKS MANUFACTURING AND DISPLAY COMPANY ស្ថិតនៅខេត្តហ៊ូណាន់ ភាគកណ្ដាលចិន។

បណ្ដាវីដេអូចេញផ្សាយតាមបណ្ដាញសង្គមបង្ហាញការផ្ទុះជាប់គ្នារដឹក និងពពកផ្សែងដ៏ធំហុយទៅលើអាកាស។ បណ្ដារូបភាពផ្សាយដោយទូរទស្សន៍ CCTV បង្ហាញបំណែកនានានៅរាយប៉ាយ ត្រង់បណ្ដាអគាររងការបំផ្លាញដោយការផ្ទុះ ហើយបណ្ដាអ្នកជួយសង្គ្រោះខិតខំកាយគំនរបាក់បែក។

អគារមួយចំនួនដែលមិនទាន់រលំនៅតែមានផ្សែងហុយចេញ ហើយអគារជាច្រើនប៉ើងដំបូលបាត់។ ប្រធានាធិបតីចិនលោកស៊ីជីនពីងអំពាវនាវដល់គ្រប់គ្នា ឲ្យយកចិត្តទុកដាក់ជួយព្យាបាលបណ្ដាអ្នករបួស រុករកបណ្ដាអ្នកបាត់ខ្លួន ហើយរកបណ្ដាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មនោះ។
ស្ថិតក្នុងតំបន់ជនបទមួយរោងចក្រកាំជ្រួចភ្លើង LIUYANG ផលិតប្រមាណជា៦០% នៃកាំជ្រួចភ្លើងដែលលក់នៅចិន និង៧០% នៃការនាំចេញ។ កាលពីឆ្នាំទៅមិញ ការផ្ទុះឆេះរោងចក្រកាំជ្រួចភ្លើងមួយក្នុងខេត្តហ៊ូណាន់ បណ្ដាលឲ្យមនុស្សស្លាប់៩នាក់។ កាលពីខែកុម្ភៈ កន្លងទៅ ការផ្ទុះជាច្រើនក្នុងបណ្ដាហាងលក់កាំជ្រួចភ្លើង បណ្ដាលឲ្យមនុស្សស្លាប់សរុប២០នាក់៕
អត្ថបទសរសេរ ដោយ ខាន់ សុខឃន | កែសម្រួលដោយ ស្រីណា
