រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមថា លោកគាំទ្រគោលជំហររបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមិនត្រូវបង្កើតយន្តការទ្វេភាគីថ្មីជំនួស MOU 2001 នោះទេ តែត្រូវដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ ដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌។
សម្តេចតេជោ បានសម្តែងការសោកស្តាយចំពោះការលុបចោល MOU 2001 ជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផលគ្មានវឌ្ឍនភាព ដោយលោកគូសបញ្ជាក់ថា កម្ពុជាធ្វើដំណើរដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយ ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការចរចា ខណៈថៃដូរនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ក្រោយរដ្ឋប្រហារឆ្នាំ២០០៦។
សម្តេចតេជោ ក៏បានរំលឹកពីកិច្ចចរចានៅផ្ទះតាខ្មៅជាមួយថ្នាក់ដឹកនាំថៃកាលពីឆ្នាំ២០១០ និងបានបញ្ជាក់យ៉ាងច្បាស់ទៅភាគីថៃថា កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ ហើយសូមកុំចោទថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី។ សម្តេចបញ្ចប់ដោយក្តីសង្ឃឹមថា កម្ពុជា និងថៃ នឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ៕
