ខេត្តបាត់ដំបង ៖ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ អគ្គិភ័យដែលសន្មតថាបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី បានកើតឡើងចំនួន០២លើកផ្ទូនៗគ្នា ដោយបានលេបយករោងចិញ្ចឹមជ្រូកដ៏ធំមួយកន្លែង និងលំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង កាលពីថ្ងៃទី០៥ ឧសភា នៅស្រុកបវេល ប៉ុន្តែពុំមានរបាយការណ៍ពីគ្រោះថ្នាក់ដល់មនុស្សឡើយ។

យោងតាមរបាយការណ៍មន្ត្រីជំនាញបានឲ្យដឹងថា រោងចិញ្ចឹមជ្រូកមួយកន្លែងទំហំ៥ម៉ែត្រគុណ១២ម៉ែត្ររបស់លោក រ៉ាល់ មុនី នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ត្រូវអគ្គិភ័យឆេះអស់ជាងពាក់កណ្ដាល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ឧសភា ដោយជនរងគ្រោះនិងសមត្ថកិច្ចប្រាប់ថា ដោយសារឆ្លងចរន្តអគ្គិសនី។
សមត្ថកិច្ចបានស្រង់ការបំភ្លឺពីម្ចាស់រោងបញ្ជាក់ថា អគ្គិភ័យឆេះរោងទ្រុងជ្រូកខូចខាតអស់ប្រហែល៥០% ម៉ូតូ០១គ្រឿង និងសម្ភារកសិកម្មមួយចំនួន តែពុំមានគ្រោះថ្នាក់ដល់មនុស្ស ឬជ្រូកចិញ្ចឹមទេ។

ដោយឡែក រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចបានទៅដល់ទាន់ពេលវេលាដែរ តែដោយសារច្រកចេញចូលចង្អៀត មិនអាចចូលដល់ទីតាំងកើតហេតុដើម្បីបាញ់ទឹកជួយពន្លត់បានទេ។ ដូច្នេះមានតែប្រជាពលរដ្ឋនៅក្បែរខាងប៉ុណ្ណោះ ដែលបានជួយអន្តរាគមន៍ផ្ទាល់។

ចំណែកករណីទី២ អគ្គិភ័យបានកើតឡើងវេលាម៉ោង៥ល្ងាចថ្ងៃដដែល នៅភូមិដង្កោពេន ឃុំព្រៃខ្ពស់ ស្រុកបវេល។ អគ្គិភ័យលើកទី២នេះ ក៏ត្រូវម្ចាស់ផ្ទះនិងសមត្ថកិច្ចអះអាងថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីដែរ។
លំនៅឋាននេះធ្វើពីឈើប្រក់ស័ង្កសី ទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ម្ចាស់ឈ្មោះ ប៉ោ គន់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅចំណុចកើតហេតុ។

របាយការណ៍មន្ត្រីមូលដ្ឋានបានឲ្យដឹងថា លំនៅឋានដ៏ធំនេះ ត្រូវអគ្គិភ័យឆេះអស់ប្រហែល៨០% ក្រៅពីនេះមានអង្ករចំនួន១២ការ៉ុង ស្រូវចំនួន១០ការ៉ុង រួមនឹងសម្ភារក្នុងផ្ទះមួយចំនួនទៀត តែពុំបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕
