ប្រធានសមាគមបាល់ទាត់អ៊ីរ៉ង់ (FFIRI) លោក Mehdi Taj បានដាក់លក្ខខណ្ឌថា FIFA ត្រូវតែធានាកុំឱ្យមានការប្រមាថដល់អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដោយសហរដ្ឋអាមេរិក មុនពេលក្រុមជម្រើសជាតិធ្វើដំណើរទៅចូលរួម World Cup នៅខែមិថុនាខាងមុខ។

កាលពីសប្តាហ៍មុន គណៈប្រតិភូ FFIRI រួមទាំងលោក Taj បានត្រឡប់មកវិញពីព្រំដែនកាណាដា ដោយលើកឡើងពីការមិនគោរពពីមន្ត្រីអន្តោប្រវេសន៍ ខណៈព្យាយាមចូលរួមមហាសន្និបាត FIFA នៅទីក្រុង Vancouver។ រដ្ឋមន្ត្រីអន្តោប្រវេសន៍កាណាដាបានបញ្ជាក់ថា ទិដ្ឋាការរបស់លោក Taj ត្រូវបានលុបចោលពេលកំពុងហោះហើរ ដោយសារទំនាក់ទំនងជាមួយ IRGC ដែលកាណាដាចាត់ទុកជា «អង្គភាពភេរវករ» តាំងពីឆ្នាំ ២០២៤។
អគ្គលេខាធិការ FIFA លោក Mattias Grafstrom បានផ្ញើលិខិតសុំទោសចំពោះការរអាក់រអួល និងអញ្ជើញ FFIRI ទៅទីក្រុង Zurich នៅថ្ងៃទី ២០ ខែឧសភា ដើម្បីពិភាក្សាអំពីការរៀបចំ World Cup។ លោក Taj បានប្រាប់ទូរទស្សន៍រដ្ឋ IRIB ថា លោកនឹងស្វែងរកការធានាពី FIFA អំពីការទទួលគណៈប្រតិភូអ៊ីរ៉ង់នៅសហរដ្ឋអាមេរិក។
