ប៉ូលីសវៀតណាមបានបើកការវាយឆ្មក់យ៉ាងគំហុកចូលទៅក្នុងសណ្ឋាគារមួយនៅជិតព្រំដែនភាគខាងជើងជាប់ប្រទេសចិន ដោយបានរកឃើញកាស៊ីណូខុសច្បាប់មួយដែលកំពុងប្រតិបត្តិការក្រោមការក្លែងបន្លំជាក្លឹបកម្សាន្ត។
ប្រតិបត្តិការនេះធ្វើឡើងដោយសមត្ថកិច្ចខេត្ត Lang Son កាលពីថ្ងៃទី ២១ ខែមេសា ដោយបានឆ្មក់ចូលសណ្ឋាគារ Thai Duong និងកន្លែងកម្សាន្តអន្តរជាតិមួយក្នុងឃុំ Hoang Van Thu ។ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនអ្នកលេងល្បែងស៊ីសងបានជាច្រើននាក់ និងរឹបអូសបានលុយកាក់ដែលមានតម្លៃសរុបជាង ៣០១ ពាន់លានដុង (ស្មើនឹង ១១,៤ លានដុល្លារអាមេរិក)។
តាមរបាយការណ៍របស់ប៉ូលីស ជនសង្ស័យចំនួន ៦៦ នាក់ត្រូវបានចោទប្រកាន់ពីបទលេងល្បែងស៊ីសង និងរៀបចំសកម្មភាពល្បែងស៊ីសង ក្នុងនោះមានជនជាតិបរទេសចំនួន ៤៨ នាក់។ អ្នកលេងទាំងនោះបានប្រើប្រាស់លុយកាក់ដែលថ្លៃមួយដុំស្មើនឹងមួយយន់ចិន (ប្រហែល ០,១៥ ដុល្លារ)។
ការស៊ើបអង្កេតបានរកឃើញថា ល្បែងស៊ីសងខុសច្បាប់នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Thai Duong Entertainment and Tourism Co. ដែលគ្រប់គ្រងដោយជនជាតិចិនវ័យ ៥៦ ឆ្នាំម្នាក់ឈ្មោះ Zeng Hua ឬត្រូវបានគេស្គាល់ឈ្មោះផ្សេងថា Tang Hoa ។ ក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការដំណើរការល្បែងម៉ាស៊ីនស្លត រ៉ូឡែត បាការ៉ាតអេឡិចត្រូនិក និងប៊ិចជែកអេឡិចត្រូនិច ដែលមានបំណងសម្រាប់ជនបរទេស និងជនជាតិវៀតណាមដែលរស់នៅក្រៅប្រទេសប៉ុណ្ណោះ។
ទោះជាយ៉ាងណា Tang Hoa បានដំឡើងតុល្បែងដោយលួចលាក់បន្ថែមទៀត ព្រមទាំងបានដំឡើងកាមេរ៉ាឃ្លាំមើល និងជួលបុគ្គលិកដើម្បីត្រួតពិនិត្យប្រតិបត្តិការផ្សេងៗ រួមទាំងការដោះស្រាយ ការរក្សាពិន្ទុ ការប្តូរលុយកាក់ និងការបង់ប្រាក់ ដោយដើរតួជាបនល្បែងស៊ីសងពេញលេញ។ បច្ចុប្បន្ននេះ ការស៊ើបអង្កេតកំពុងបន្តដំណើរការបន្ថែមទៀត។
