FIFA ហៅអ៊ីរ៉ង់មកជួបផ្ទាល់នៅទីស្នាក់ការកណ្តាល ដើម្បីរកដំណោះស្រាយមុន World Cup 2026

FIFA ហៅអ៊ីរ៉ង់មកជួបផ្ទាល់នៅទីស្នាក់ការកណ្តាល ដើម្បីរកដំណោះស្រាយមុន World Cup 2026

ប្រទេសស្វីស ៖ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានអញ្ជើញសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) ឱ្យមកកាន់ទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងហ្ស៊ូរិច ប្រទេសស្វីស ឱ្យបានមុនថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះរួមគ្នា។ នេះបើតាមប្រភពពី AFP ចេញផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

FIFA World Cup 2026

ការអញ្ជើញនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងផ្នែកនយោបាយ និងជម្លោះការទូត ជាពិសេសចំពោះអវត្តមានរបស់គណៈប្រតិភូអ៊ីរ៉ង់ចូលរួមមហាសន្និបាត FIFA នៅប្រទេសកាណាដា ដោយសារបញ្ហាទិដ្ឋាការ និងការចោទប្រកាន់ពីការប្រព្រឹត្តមិនសមរម្យពីមន្ត្រីអន្តោប្រវេសន៍កាណាដាផងដែរ។

Gianni Infantino

ប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ លោក Mehdi Taj បានបញ្ជាក់រួចហើយថា ការចូលរួមរបស់អ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ World Cup គឺអាស្រ័យលើការធានាជាក់លាក់ពីប្រធាន FIFA លោក Gianni Infantino ថាគ្មានការប្រមាថដល់ថ្នាក់ដឹកនាំ ឬកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ ជាពិសេសកងឆ្មាំបដិវត្តន៍ IRGC អំឡុងពេលប្រកួតនៅសហរដ្ឋអាមេរិកឡើយ។

Iran Football Team

លោក Mehdi Taj បានបន្ថែមទៀតថា «ប្រសិនបើលោក Infantino ផ្តល់ការធានានេះដល់យើង នោះយើងនឹងទៅចូលរួមព្រឹត្តិការណ៍ World Cup។ ប៉ុន្តែនៅក្នុងករណីមានការប្រមាថ ក្រុមរបស់យើងអាចត្រឡប់ទៅផ្ទះវិញ»។

World Cup Stadium

លោក Gianni Infantino បានអះអាងសារជាថ្មីអំពីជំហររបស់ FIFA ថា អ៊ីរ៉ង់នឹងនៅតែចូលរួមក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ហើយនឹងលេងការប្រកួតក្នុងពូលរបស់ពួកគេនៅទឹកដីសហរដ្ឋអាមេរិកតាមកាលវិភាគកំណត់ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពតាមរយៈកីឡា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា។ តាមកាលវិភាគពូល G អ៊ីរ៉ង់នឹងត្រូវប្រកួតជាមួយនូវែលសេឡង់ និងបែលហ្ស៊ិក នៅទីក្រុងឡូសអាន់ជឺឡេស (Los Angeles) មុនពេលបន្តជួបអេហ្ស៊ីប នៅទីក្រុងស៊ីថល (Seattle) នៃទឹកដីសហរដ្ឋអាមេរិក៕

administrator

Related Articles