បញ្ហាកោះតៃវ៉ាន់នឹងក្លាយជាចំណុចស្នូលនៃការពិភាក្សារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅពេលជួបមុខគ្នានាសប្តាហ៍ក្រោយ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។

ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅសេតវិមាន លោក Rubio បានសង្កត់ធ្ងន់ថា វ៉ាស៊ីនតោនមិនចង់ឃើញហេតុការណ៍អស្ថិរភាពណាមួយកើតឡើងពាក់ព័ន្ធនឹងតៃវ៉ាន់ឡើយ។ «ខ្ញុំប្រាកដណាស់ថា តៃវ៉ាន់នឹងជាប្រធានបទនៃកិច្ចសន្ទនា។ យើងមិនត្រូវការហេតុការណ៍អស្ថិរភាពកើតមានឡើងពាក់ព័ន្ធនឹងតៃវ៉ាន់ ឬកន្លែងដទៃទៀតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទេ»។
លោក ត្រាំ គ្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី១៤ និងទី១៥ ខែឧសភា។ ប៉ុន្មានឆ្នាំមកនេះ តៃវ៉ាន់ប្រឈមមុខសម្ពាធកាន់តែខ្លាំងពីទីក្រុងប៉េកាំង ដែលចាត់ទុកកោះនេះជាផ្នែកនៃទឹកដីចិន។ ទោះមិនមានទំនាក់ទំនងផ្លូវការក្ដី វ៉ាស៊ីនតោននៅតែជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធសំខាន់របស់តៃវ៉ាន់ ដែលបង្កការមិនពេញចិត្តដល់ប៉េកាំង៕
