
ប៉េកាំង៖ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានជួបពិភាក្សាការងារជាមួយ លោក Khalilur រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៦ ខែឧសភា។
ក្នុងជំនួបនេះ លោក Wang Huning បានថ្លែងថា ចិននឹងបន្តអភិវឌ្ឍចំណងមេត្រីភាពជាមួយបង់ក្លាដែស ដោយផ្អែកលើគោលការណ៍ទាំង៥នៃការរួមរស់ដោយសន្តិភាព ព្រមទាំងពង្រឹងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកបន្ថែមថា ភាគីចិននឹងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរឹងមាំ ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Khalilur បានថ្លែងថា ចិនគឺជាមិត្តពិតរបស់បង់ក្លាដែស ហើយភាគីបង់ក្លាដែសតែងតែចាត់ទុកចិនជាអទិភាពខាងការទូតជានិច្ច។ លោកបានបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ និងការគាំទ្រការបង្រួបបង្រួមជាតិរបស់ចិន ព្រមទាំងរំពឹងថានឹងបន្តពង្រឹងចំណងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្ពស់ថែមទៀត។
ប្រភព៖ (CCFR)
