ក្រោយជំនួបត្រីភាគីរវាងថ្នាក់ដឹកនាំកម្ពុជា ថៃ និងហ្វីលីពីន ចំណុចដែលមហាជនចាប់អារម្មណ៍ខ្លាំងគឺការត្រៀមបញ្ជូនមន្ត្រីទូតជាន់ខ្ពស់ (Chargé d’affaires) ឲ្យត្រឡប់ទៅកាន់ស្ថានទូតទាំងពីរវិញ ក្នុងក្របខ័ណ្ឌស្តារទំនាក់ទំនងទៅរកភាពប្រក្រតីឡើងវិញ។
សារព័ត៌មាន Khaosod ចុះផ្សាយនៅថ្ងៃទី៨ ឧសភា ២០២៦ ដកស្រង់សម្តីលោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ថានេះជាជំហានដំបូងក្នុងការបើកផ្លូវទំនាក់ទំនងផ្ទាល់ ដើម្បីឲ្យការជជែកគ្នាលើបញ្ហានានាប្រព្រឹត្តទៅយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាងមុន។
លោក Sihasak បានលើកឡើងថា ប្រទេសទាំងពីរគួរតែនិយាយគ្នាដោយត្រង់ទៅត្រង់មក ដើម្បីស្វែងរកផ្លូវដើររួមគ្នា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងត្រូវបានលើកយកមកអនុវត្តភ្លាមៗ ជាពិសេសការស្តារយន្តការចរចារវាងប៉ូលិស និងប៉ូលិស ដើម្បីរួមគ្នាបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) ដែលកំពុងរីករាលដាល។
ចំពោះការចរចាព្រំដែនគោក លោក Sihasak បញ្ជាក់ថាភាគីថៃកំពុងរៀបចំកិច្ចប្រជុំបច្ចេកទេស ដើម្បីកំណត់ចំណុចចាប់ផ្តើមនៃការចរចាឲ្យបានច្បាស់លាស់ មុនឈានទៅបើកកិច្ចប្រជុំគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC)។ លោកបន្ថែមថា ថៃមិនបានគេចវេះពីការចរចាទេ តែបញ្ហាខ្លះត្រូវការពេល ខណៈខ្លះអាចដោះស្រាយបានភ្លាមៗ។ ជំហរនេះបង្ហាញថាភាគីទាំងពីរចង់ប្រើការពិភាក្សាដោយសន្តិវិធី ជាជាងការប្រឈមមុខដាក់គ្នា៕
