ប្រទេសសិង្ហបុរី កំពុងធ្វើតេស្ត និងដាក់ឲ្យពលរដ្ឋ២នាក់ ធ្វើចត្តាឡីស័ក ដើម្បីពិនិត្យរកមើលវីរុស Hantavirus បន្ទាប់ពីពួកគេវិលត្រឡប់ពីដំណើរកម្សាន្តនៅលើនាវា MV Hondius ដែលកំពុងផ្ទុះការឆ្លងមេរោគនេះ។

តាមការផ្សាយរបស់ CNA កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អ្នកទាំងពីរត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅមជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លងសិង្ហបុរី (NCID) ដើម្បីរង់ចាំលទ្ធផលតេស្ត។ អ្នកទាំងពីរសុទ្ធតែធ្លាប់ជិះនាវា MV Hondius ហើយក៏ធ្លាប់ជិះយន្តហោះជាមួយគ្នាដែរ។
បុរសម្នាក់វ័យ ៦៩ឆ្នាំ បានមកដល់ប្រទេសសិង្ហបុរី នៅថ្ងៃទី ២ ខែ ឧសភា ហើយឥឡូវគាត់ចេញរោគសញ្ញាហៀរសំបោរ ចំណែកម្នាក់ទៀតមានវ័យ ៦៥ឆ្នាំ មកដល់សិង្ហបុរី នៅថ្ងៃទី៦ ខែឧសភា។

ទោះបីជាយ៉ាងណាក៏ដោយ សិង្ហបុរី អំពាវនាវឲ្យពលរដ្ឋកុំព្រួយបារម្ភ និងភិតភ័យឲ្យសោះ ព្រោះថាហានិភ័យឆ្លងរាលដាលនៅមានកម្រិតទាប ហើយអង្គការសុខភាពពិភពលោក (WHO) ក៏ប្រកាសដែរថា Hantavirus មិនទាន់ត្រូវបានចាត់ថ្នាក់ជាជំងឺរាតត្បាតទេ។
នៅប្រទេសអង់គ្លេសឯណោះ មនុស្ស២នាក់ ក៏កំពុងធ្វើចត្តាឡីស័កផងដែរ ព្រោះតែហានិភ័យឆ្លងមេរោគនេះ។ ពួកគេកំពុងធ្វើចត្តាឡីស័កក្នុងផ្ទះខ្លួនឯង ប៉ុន្តែមិនចេញរោគសញ្ញាអ្វីទេ គ្រាន់តែមានប្រវត្តិជិះក្នុងនាវា MV Hondius តែបានចុះមកវិញ មុនពេលផ្ទុះ Hantavirus នៅលើនោះ។
តាមពិតទៅ Hantavirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាមានវត្តមាននៅលើភពផែនដីជាយូរយារណាស់មកហើយ ហើយក៏ធ្លាប់ឆ្លងរាលដាលក្នុងប្រទេសជាច្រើនផងដែរ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកនៅក្នុងខ្លួនសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេលមេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅក្នុងអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល។
