អ៊ីស្រាអែលរកឃើញអ្នកឆ្លង Hantavirus ដំបូង ក្រោយវិលត្រឡប់ពីអឺរ៉ុបខាងកើត

អ៊ីស្រាអែលរកឃើញអ្នកឆ្លង Hantavirus ដំបូង ក្រោយវិលត្រឡប់ពីអឺរ៉ុបខាងកើត

ក្រសួងសុខាភិបាលអ៊ីស្រាអែលបានចេញសេចក្តីរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អំពីករណីឆ្លងមេរោគ Hantavirus លើកដំបូងក្នុងប្រទេស ដោយមិនបញ្ចេញព័ត៌មានលម្អិតអំពីអ្នកជំងឺឡើយ។

Hantavirus

តាមការផ្សាយរបស់សារព័ត៌មាន Maariv បុគ្គលនោះបានធ្វើតេស្តរកឃើញវិជ្ជមាន Hantavirus ប៉ុន្តែស្ថានភាពអ្នកជំងឺធម្មតា មិនធ្ងន់ធ្ងរដល់កម្រិតត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នោះទេ។ អ្នកជំងឺទើបវិលត្រឡប់មកពីតំបន់អឺរ៉ុបខាងកើត ហើយបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

Hantavirus

ការរកឃើញនេះកើតឡើងចំពេលពិភពលោកកំពុងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះ Hantavirus បន្ទាប់ពីមានអ្នកស្លាប់ចំនួន៣នាក់ក្នុងនាវាទេសចរ MV Hondius និងឆ្លងរាលដាលដល់អ្នកដំណើរជាបន្តបន្ទាប់។

ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) បានច្រានចោលភាពធ្ងន់ធ្ងរនៃស្ថានភាព ដោយគូសបញ្ជាក់ថាវាមិនមែនជាកូវីដ-១៩ថ្មីឡើយ។ លោកស្រី Maria Van Kerkhove នាយកផ្នែកត្រៀមលក្ខណៈ និងបង្ការរោគរាតត្បាតរបស់ WHO ថ្លែងថា៖ «នេះមិនមែនជាជំងឺកូវីដ-១៩ទេ ហើយក៏មិនមែនជាជំងឺគ្រុនផ្តាសាយដែរ។ យើងមិនរំពឹងថាវានឹងបង្កការរាតត្បាតក្នុងទ្រង់ទ្រាយធំនោះទេ»។

យោងតាម CDC មេរោគ Hantavirus មានផ្ទុកនៅក្នុងខ្លួនសត្វកណ្តុរ ហើយឆ្លងតាមរយៈការស្រូបខ្យល់ដែលមានមេរោគចេញពីទឹកនោម លាមក ឬទឹកមាត់សត្វកណ្តុរ។ បច្ចុប្បន្នមេរោគនេះគ្មានវ៉ាក់សាំង និងគ្មានថ្នាំព្យាបាលជាក់លាក់ទេ តែអាចព្យាបាលតាមរោគសញ្ញា។ តាម WHO មានករណី Hantavirus ប្រមាណ ១៥០,០០០ ករណីនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ដោយភាគច្រើននៅអឺរ៉ុប និងអាស៊ី។

administrator

Related Articles