មហាព្រឹត្តិការណ៍បាល់ទាត់ថ្មីមួយដែលមិនធ្លាប់មានពីមុនមក កំពុងឈានមកដល់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈ FIFA បានចេញសេចក្តីព្រាងអញ្ជើញយក្សពីរនៃទ្វីបអាស៊ី គឺប្រទេសចិន និងឥណ្ឌា ចូលរួមក្នុងពានរង្វាន់ FIFA ASEAN Cup ជាលើកដំបូងនៅឆ្នាំ ២០២៦។

យោងតាមផែនការដែលត្រូវបានប្រកាសក្នុងសន្និសិទ FIFA លើកទី ៧៦ នៅទីក្រុង Vancouver ប្រទេសកាណាដា កាលពីថ្ងៃទី ៣០ ខែមេសា ក្រុមជម្រើសជាតិចំនួន ១៤ នឹងត្រូវបែងចែកជាពីរផ្នែក ដើម្បីប្រកួតប្រជែងគ្នាក្នុងរយៈពេល ១៥ ថ្ងៃ។ ក្នុងចំណោមនោះ មានក្រុមមកពីអាស៊ីអាគ្នេយ៍ចំនួន ១១ និងភ្ញៀវវីអាយភីចំនួន ៣ គឺ ចិន ឥណ្ឌា និងហុងកុង។
សម្រាប់ផ្នែកទី ១ រួមមានថៃ (ចំណាត់ថ្នាក់ទី ៩៣), ចិន (៩៤), វៀតណាម (៩៩), ឥណ្ឌូនេស៊ី (១២២), ហ្វីលីពីន (១៣៥), ឥណ្ឌា (១៣៦), ម៉ាឡេស៊ី (១៣៨) និងសិង្ហបុរី (១៤៧)។ ចំណែកផ្នែកទី ២ រួមមានហុងកុង (១៥៥), មីយ៉ាន់ម៉ា (១៥៨), កម្ពុជា (១៧៧), ឡាវ (១៨៥), ប្រ៊ុយណេ (១៩៤) និងទីម័រខាងកើត (២០០)។
គួរបញ្ជាក់ថា ចិន និងឥណ្ឌា គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើលោក ដែលបើការចូលរួមត្រូវបានបញ្ជាក់ ការប្រកួតនេះនឹងប្រមូលផ្តុំមនុស្សប្រមាណ ៣.៥ ពាន់លាននាក់ ស្មើនឹង ៤៤% នៃចំនួនប្រជាជនពិភពលោកទាំងមូល។
ទាក់ទងនឹងការឆ្លើយតបវិញ ភាគីចិននៅមិនទាន់ឆ្លើយតបជាផ្លូវការទេ ខណៈសហព័ន្ធបាល់ទាត់ឥណ្ឌាទាំងអស់ (AIFF) បានបញ្ជាក់តាមរយៈអគ្គលេខាធិការរង លោក Satyanarayan ថា ពួកគេបានទទួលយកការអញ្ជើញ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ។
សម្រាប់ប្រាក់រង្វាន់សរុបត្រូវបានប៉ាន់ស្មានប្រហែល ៤ លានដុល្លារ។ ម្ចាស់ជើងឯកផ្នែកទី ១ នឹងទទួលបាន ១ លានដុល្លារ ចំណែកម្ចាស់ជើងឯកផ្នែកទី ២ នឹងទទួលបាន ៣ សែនដុល្លារ។ ក្រុមនីមួយៗក៏នឹងទទួលបានថ្លៃចូលរួមអប្បបរមា ១២៥,០០០ ដុល្លារផងដែរ។
