ហ្វីលីពីន៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលឧត្ដមមន្ត្រីអាស៊ាន (SOM ASEAN) នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការពិភាក្សាអំពីវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន បន្ទាប់ពីការចូលជាសមាជិកអាស៊ានដោយទីម័រឡេស្តេ ការពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងការអនុវត្តសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

លើសពីនេះ កិច្ចប្រជុំក៏បានរៀបចំត្រៀមសម្រាប់មហាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។ ការចូលរួមរបស់ឯកឧត្តម គង់ ភោគ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន៕
