ការសម្របសម្រួលលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក្នុងនាមប្រធានអាស៊ាន ដើម្បីរកដំណោះស្រាយក្នុងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា បានបង្ហាញឲ្យឃើញនូវប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ ឆ្ពោះទៅកសាងសន្តិភាពតាមព្រំដែន និងការស្តារទំនុកចិត្តគ្នាឡើងវិញ។

ជំនួបត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃ នៅទីក្រុងឆ្នេរសមុទ្រសេប៊ូ ភាគខាងត្បូងប្រទេសហ្វីលីពីន ធ្វើឡើងក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ាន។ ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីរកច្រកចេញពីជម្លោះក្នុងតំបន់។
ប្រធានាធិបតីហ្វីលីពីនបានថ្លែងក្រោយជំនួបថា ហ្វីលីពីនដាក់ចេញរបៀបសន្ទនានេះដោយការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះប្រទេសទាំងពីរ ដឹកនាំដោយគោលការណ៍គ្រឹះរបស់អាស៊ាន គឺការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី។
លោក Marcos Jr. បានបញ្ជាក់ថា៖ «មានការពិភាក្សាដោយស្មោះត្រង់ជាច្រើនអំពីស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាការទំនាក់ទំនងបើកចំហ ការអត់ធ្មត់ ការជៀសវាងសកម្មភាពបង្កើនភាពតានតឹង និងការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសន្ទនាដោយសន្តិវិធី»។
នេះជាលើកទីមួយ ចាប់តាំងពីជម្លោះផ្ទុះឡើងពីរលើកកាលខែកក្កដា និងធ្នូ ឆ្នាំ២០២៥ ដែលថ្នាក់ដឹកនាំថៃ និងកម្ពុជាបង្ហាញគោលជំហរស្របគ្នាឆ្ពោះទៅរកការផ្សះផ្សា និងស្តារសន្តិភាពឡើងវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានទទួលស្គាល់ថា ជម្លោះនាំមកនូវការខាតបង់ និងទុក្ខលំបាកដល់ភាគីទាំងសងខាង ព្រមទាំងគូសបញ្ជាក់ពីតម្លៃនៃសន្តិភាព។ លោកបានលើកឡើងថា ការពិភាក្សានេះបញ្ជាក់ពីជំហានដ៏សំខាន់ឆ្ពោះទៅបង្កើតបរិយាកាសស្ថាបនាដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ស្របពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃបានបង្ហាញនូវសុទិដ្ឋិនិយមដូចគ្នាថា «សង្គ្រាមមិនធ្វើឲ្យភាគីណាមួយឈ្នះនោះទេ»៕
