
រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ ដែលជាសមាជិកណាតូ បានលាតត្រដាងការប្តេជ្ញាចិត្តយ៉ាងមុតមាំកាលពីថ្ងៃពុធថា ប៉ូឡូញនឹងក្លាយជាប្រទេសដែលមានកងទ័ពខ្លាំងបំផុត និងធំជាងគេនៅអឺរ៉ុបនៅឆ្នាំ២០៣០។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ ដែលដកស្រង់ផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
ក្នុងតួនាទីជារដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្ត្រី លោក Wladyslaw Kosiniak-Kamysz លើកឡើងក្នុងសុន្ទរកថាលើកិច្ចប្រជុំ Defence 24 Days ផ្តោតលើសន្និសីទសន្តិសុខ និងការពារជាតិនៅរដ្ឋធានី Warsaw ថា៖ «នៅឆ្នាំ២០៣០ ប្រទេសប៉ូឡូញនឹងមានកងទ័ពខ្លាំងបំផុត និងធំជាងគេនៅអឺរ៉ុប […] កងទ័ពដែលមានការរៀបចំល្អ និងបំពាក់ដោយអាវុធល្អបំផុត»។

លោកបន្ថែមថា៖ «នេះគឺជាគោលដៅយុទ្ធសាស្ត្ររបស់យើង ហើយយើងកំពុងលះបង់សកម្មភាពដែលអាចធ្វើទៅបានទាំងអស់»។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរដែលបានគ្រោងទុករួមមានការពង្រីកកងកម្លាំងប្រដាប់អាវុធដល់កន្លះលាននាក់ រួមទាំងទាហានអាជីពចំនួន ៣០០,០០០នាក់ និងទាហានបម្រុងចំនួន ២០០,០០០នាក់។
លោកលើកឡើងថា យុទ្ធសាស្ត្រការពារជាតិរបស់ប្រទេសនេះផ្អែកលើសសរស្តម្ភបីគឺ សង្គមរឹងមាំ កងទ័ពរឹងមាំ និងសម្ព័ន្ធភាពរឹងមាំ ហើយសន្តិសុខជាតិអាស្រ័យលើការចូលរួមរបស់ពលរដ្ឋទាំងអស់។
លោកមានប្រសាសន៍ថា៖ «គ្មានប្រទេសប៉ូឡូញណាដែលមានសុវត្ថិភាពទេ បើគ្មានពលរដ្ឋចូលរួម។ ការចូលរួមរបស់ជនស៊ីវិលនឹងមានសារៈសំខាន់ក្នុងករណីមានការវាយប្រហារដែលអាចកើតឡើង»។
លោក Kosiniak-Kamysz ក៏ពិពណ៌នាអំពីការត្រៀមខ្លួនសម្រាប់ការគំរាមកំហែងដែលអាចកើតឡើងថាជាផ្នែកមួយនៃការការពារជាតិទាំងស្រុង ពាក់ព័ន្ធទាំងរចនាសម្ព័ន្ធយោធា និងស៊ីវិល។

លោកបន្តថា៖ «ប្រទេសប៉ូឡូញកំពុងស្ថិតក្នុងការវិនិយោគធំបំផុតក្នុងប្រវត្តិសាស្ត្រលើវិស័យការពារជាតិ ដោយមានគោលបំណងកសាងកងទ័ពដ៏រឹងមាំ មានរបៀបរៀបរយ និងគ្រប់គ្រងបានល្អ»។
លោកក៏អំពាវនាវឱ្យមានការបង្កើនសមត្ថភាពផលិតកម្មក្នុងឧស្សាហកម្មការពារជាតិគួរតែដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០៕
ប្រែសម្រួល៖ ណឺ មិនា
