ក្រោយពីព្រឹត្តិការណ៍ដ៏រន្ធត់នៅអ៊ីរ៉ង់ ដែលមេដឹកនាំកំពូលៗត្រូវបានធ្វើឃាតក្នុងពេលតែមួយដោយការវាយប្រហារតាមអាកាសពីអាមេរិក និងអ៊ីស្រាអែល លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន។

ការភ័យខ្លាចនេះបានរុញច្រានឲ្យកូរ៉េខាងជើងសម្រេចចិត្តកែប្រែច្បាប់រដ្ឋធម្មនុញ្ញជាបន្ទាន់ ដើម្បីការពារអំណាច និងសងសឹកសត្រូវ ទោះបីជាមេដឹកនាំលែងមានជីវិតក៏ដោយ។
យោងតាមចារកម្មកូរ៉េខាងត្បូង ច្បាប់ថ្មីរបស់ព្យុងយ៉ាងបានចែងថា បើប្រព័ន្ធបញ្ជានុយក្លេអ៊ែរស្ថិតក្នុងគ្រោះថ្នាក់ ឬលោក គីម ត្រូវបានធ្វើឃាត កងទ័ពកូរ៉េខាងជើងត្រូវបាញ់គ្រាប់បែកនុយក្លេអ៊ែរតបតវិញដោយស្វ័យប្រវត្តិ។ នេះមានន័យថា ទោះបីជាសត្រូវអាចកម្ចាត់លោក គីម បានក៏ដោយ ក៏ពួកគេមិនអាចគេចផុតពីការបំផ្លិចបំផ្លាញដោយអាវុធនុយក្លេអ៊ែរឡើយ។
អ្នកជំនាញមកពីសាកលវិទ្យាល័យក្នុងទីក្រុងសេអ៊ូលបានលើកឡើងថា ការកែច្បាប់នេះបញ្ជាក់ថាកូរ៉េខាងជើងកំពុងភ័យខ្លាចបច្ចេកវិទ្យាអាមេរិក ដែលអាចតាមដាន និងកម្ចាត់មេដឹកនាំកំពូលៗបានយ៉ាងងាយស្រួល។
យ៉ាងណាមិញ ការធ្វើឃាតលោក គីម ជុងអ៊ុន មិនមែនជារឿងងាយស្រួលទេ ព្រោះកូរ៉េខាងជើងជាប្រទេសបិទជិតបំផុតក្នុងលោក ដែលគ្មាននរណាអាចលួចចូលស៊ើបការណ៍បាន សូម្បីតែការប្រើបច្ចេកវិទ្យា Hack ក៏ពិបាកដែរ។
ក្រៅពីនេះ កូរ៉េខាងជើងក៏បានបង្កើនការគំរាមកំហែងដល់ប្រទេសជិតខាងផងដែរ។ លោក គីម បានបញ្ជាឲ្យត្រៀមដាក់ពង្រាយកាំភ្លើងធំប្រភេទថ្មីនៅតាមព្រំដែនជាប់កូរ៉េខាងត្បូង ដែលមានសមត្ថភាពបាញ់បានឆ្ងាយជាង ៦០គីឡូម៉ែត្រ ធ្វើឲ្យទីក្រុងសេអ៊ូលទាំងមូលស្ថិតក្នុងគោលដៅបាញ់ប្រហារ។ បច្ចុប្បន្ន កូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាម ព្រោះពួកគេមិនដែលចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មកម្ល៉េះ៕
