ត្រាំបង្ហើបគម្រោង ‘Project Freedom Plus’ រំដោះកប៉ាល់នៅច្រក Hormuz ឡើងវិញ ក្រោយផ្អាកត្រឹមតែប៉ុន្មានថ្ងៃ

ត្រាំបង្ហើបគម្រោង ‘Project Freedom Plus’ រំដោះកប៉ាល់នៅច្រក Hormuz ឡើងវិញ ក្រោយផ្អាកត្រឹមតែប៉ុន្មានថ្ងៃ

ទើបតែប្រកាសផ្អាកកាលពីថ្ងៃអង្គារ ឥឡូវប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកអាចចាប់ផ្តើម «Project Freedom» ឡើងវិញ ដែលជាប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz ហើយលើកនេះនឹងក្លាយជា «Project Freedom Plus» ដែលមានន័យថា បូករួមជាមួយនឹងវិធានការផ្សេងៗទៀត។

ច្រក Hormuz

កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ លោកត្រាំបានប្រកាសផ្អាកផែនការនេះជាបណ្តោះអាសន្ន ដោយបញ្ជាក់ថា សេចក្តីសម្រេចនេះធ្វើឡើងតាមសំណើរបស់ប៉ាគីស្ថាន និងបណ្តាប្រទេសផ្សេងៗទៀត រង់ចាំមើលថាតើអ៊ីរ៉ង់នឹងចូលមកកាន់តុចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពដែរឬទេ។

យ៉ាងណា នៅថ្ងៃសៅរ៍ បើតាមការផ្សាយរបស់ CNN លោកត្រាំបានបង្ហើបពីផែនការចាប់ផ្តើមគម្រោងនេះឡើងវិញ ដោយសង្គ្រោះកប៉ាល់ដែលកំពុងជាប់គាំងនៅច្រក Hormuz តាមរយៈការបញ្ជូនកងកម្លាំងជើងទឹក ជាពិសេសនាវាចម្បាំង ដើម្បីទៅអមកប៉ាល់ទាំងនោះឱ្យចាកចេញដោយសុវត្ថិភាព។

ថ្លែងប្រាប់អ្នកកាសែត ពេលចាកចេញពីសេតវិមាន លោកត្រាំនិយាយថា៖ «ខ្ញុំគិតថា Project Freedom គឺល្អ ប៉ុន្តែយើងក៏មានវិធីផ្សេងទៀតដែរ។ យើងអាចត្រឡប់ទៅរក Project Freedom វិញ ប្រសិនបើអ្វីៗមិនកើតឡើង ប៉ុន្តែវានឹងក្លាយជា Project Freedom Plus ដែលបូករួមជាមួយអ្វីៗផ្សេងទៀត»។

ទោះជាលោកត្រាំអួតអាងថាគម្រោងនេះមានវឌ្ឍនភាព ក៏ប៉ុន្តែភាគីអ៊ីរ៉ង់បែរជាចំអកឡកឡឺយទៅវិញ ដោយចោទប្រធានាធិបតីអាមេរិកថា គម្រោងនៅ Hormuz គ្រាន់តែដើម្បីបិទបាំង «ភាពបរាជ័យ» ប៉ុណ្ណោះ។ សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim បានចេញផ្សាយអត្ថបទមួយនៅថ្ងៃពុធ ទី៦ ខែឧសភា ដោយមានខ្លឹមសារថា៖ «ជារឿងធម្មតាទៅហើយ លោកត្រាំតែងអះអាងដោយគ្មានមូលដ្ឋានបែបនេះ ដើម្បីបិទបាំងភាពបរាជ័យនៃផែនការរបស់ខ្លួន»។

Tasnim បញ្ជាក់ទៀតថា៖ «ផែនការនេះត្រូវបានរារាំងតាំងពីការចាប់ផ្ដើមអនុវត្តដំបូងមកម្ល៉េះ ដោយសារតែការបាញ់ព្រមានពីសំណាក់កងទ័ពអ៊ីរ៉ង់ ហើយជាលទ្ធផល កប៉ាល់ទាំងអស់ដែលព្យាយាមធ្វើដំណើរឆ្លងកាត់ច្រក Hormuz ជឿតាមពាក្យសន្យារបស់លោកត្រាំ ឥឡូវបានបកក្រោយវិញអស់ហើយ»៕

administrator

Related Articles