រដ្ឋឈូងសមុទ្រទាំង ៣ រុញដំណោះស្រាយថ្មីទៅ UNSC ទាមទារអ៊ីរ៉ង់បញ្ឈប់សកម្មភាពនៅច្រក Hormuz

រដ្ឋឈូងសមុទ្រទាំង ៣ រុញដំណោះស្រាយថ្មីទៅ UNSC ទាមទារអ៊ីរ៉ង់បញ្ឈប់សកម្មភាពនៅច្រក Hormuz

បណ្តារដ្ឋឈូងសមុទ្រកំពុងជំរុញសំណើដំណោះស្រាយថ្មីមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយគំរាមអ៊ីរ៉ង់នឹងទណ្ឌកម្ម និងវិធានការផ្សេងទៀត ប្រសិនបើទីក្រុងតេហេរ៉ង់មិនបញ្ឈប់ការវាយប្រហារលើកប៉ាល់ក្នុងច្រកសមុទ្រ Hormuz និងការដាក់ពន្ធខុសច្បាប់។

ថ្លែងនៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ អ្នកការទូតកំពូលៗមកពីប្រទេសកាតា បារ៉ែន និងអារ៉ាប់រួម (UAE) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើនាវាចរណ៍ដោយសេរីនៅក្នុងច្រកសមុទ្រដ៏មមាញឹកនេះ។

លោកស្រី Alya Ahmed Saif al-Thani ឯកអគ្គរដ្ឋទូតកាតាប្រចាំអង្គការសហប្រជាជាតិបានថ្លែងថា៖ «ការធានាថាច្រកសមុទ្រនៅតែបើកចំហ គឺជាតម្រូវការដែលបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិ ក៏ដូចជាការទទួលខុសត្រូវរួមគ្នាជាអន្តរជាតិ»។ លោកស្រីបន្ថែមថា ស្ថានភាពបច្ចុប្បន្នមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងសន្តិសុខថាមពលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗផងដែរ។

ច្រកសមុទ្រ Hormuz

ប្រទេសឈូងសមុទ្រទាំងបី បានរួមគ្នារៀបចំសេចក្តីសម្រេចនេះ រួមជាមួយអារ៉ាប៊ីសាអូឌីត គុយវ៉ែត និងសហរដ្ឋអាមេរិក ដោយទាមទារឱ្យអ៊ីរ៉ង់ «ចូលរួមនិងអនុញ្ញាតភ្លាមៗ» ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការបង្កើតច្រកប្រកបដោយសុវត្ថិភាព ដើម្បីផ្តល់ជំនួយសំខាន់ៗ និងទំនិញផ្សេងទៀតតាមតម្រូវការ។

លោក Jamal Alrowaiei ឯកអគ្គរដ្ឋទូតបារ៉ែនប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីតម្រូវការសម្រាប់សកម្មភាពរួមគ្នា ដើម្បីរក្សាច្រកសមុទ្រឱ្យមានសុវត្ថិភាព និងបើកចំហរពេញលេញ។ សេចក្តីព្រាងសម្រេចនេះផ្អែកលើគោលការណ៍ច្បាស់លាស់នៃសេរីភាពនៃការធ្វើនាវាចរណ៍ស្របតាមច្បាប់អន្តរជាតិ។

លោក Mohammed Issa Abushahab តំណាងអារ៉ាប់រួមប្រចាំអង្គការសហប្រជាជាតិបន្ថែមថា៖ «ផ្លូវទឹកអន្តរជាតិមិនអាចគ្រប់គ្រងបានតាមរយៈការបង្ខិតបង្ខំ ការវាយប្រហារ ឬការគំរាមកំហែងប្រឆាំងនឹងការដឹកជញ្ជូនស៊ីវិល និងពាណិជ្ជកម្មនោះទេ»។ សេចក្តីសម្រេចនេះទាមទារឱ្យដកមីនសមុទ្រជុំវិញច្រកសមុទ្រ Hormuz ដោយគ្មានការយកពន្ធខុសច្បាប់ និងការជ្រៀតជ្រែកលើសេរីភាពនៃការធ្វើនាវាចរណ៍ ដើម្បីបើកឱ្យកប៉ាល់ឆ្លងកាត់ស្របច្បាប់៕

administrator

Related Articles