ទោះបីជាមានសភាពការណ៍តានតឹងកើតឡើងក៏ដោយ ក៏លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបង្ហាញភាពជឿជាក់ និងមិនសូវខ្វល់ខ្វាយប៉ុន្មានឡើយ ចំពោះព្រឹត្តិការណ៍ ដែលអ៊ីរ៉ង់បានបើកការវាយប្រហារលើនាវាចម្បាំងអាមេរិកចំនួនបីគ្រឿង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកនៅតែចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ ថាមានប្រសិទ្ធភាពនៅឡើយ។
នៅពេលដែលក្រុមអ្នកកាសែតសាកសួរថា តើការឈប់បាញ់គ្នានោះត្រូវរលាយបាត់បង់ដែរឬទេ បន្ទាប់ពីមានការវាយប្រហារលើនាវាអាមេរិកបែបនេះ លោក ត្រាំ បានឆ្លើយតប ដោយភាពកំប្លែងលាយឡំនឹងការឌឺដងថា វាគ្រាន់តែជារឿងលេងសើចបន្តិចបន្តួចតែប៉ុណ្ណោះ។

លោកបានរៀបរាប់ថា ខាងអ៊ីរ៉ង់គ្រាន់តែមកឆ្កឹះឆ្កៀល ឬលេងសើចជាមួយអាមេរិកបន្តិចបន្តួច ហើយខាងកងទ័ពអាមេរិក ក៏បានវាយបកកម្ទេចពួកគេវិញភ្លាមៗដែរ។ សម្រាប់លោក ត្រាំ ព្រឹត្តិការណ៍នេះមិនមែនជាការផ្ទុះសង្គ្រាមធំដុំអ្វីឡើយ គឺលោកគ្រាន់តែចាត់ទុកវាជា «រឿងបន្តិចបន្តួច» ដែលមិនអាចរង្គោះរង្គើដល់កិច្ចព្រមព្រៀងសន្តិភាពជារួមនោះទេ។
សូមរំលឹកថា អាមេរិក បានបើកការវាយលើទីតាំងជាច្រើន ទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងនៅច្រកសមុទ្រ Hormuz ផងដែរ ក្នុងអ្វីដែលទីក្រុងវ៉ាស៊ីនតោន អះអាងថាជាការវាយបកចំពោះទីក្រុងតេហេរ៉ង់ ដែលកំណត់គោលដៅ លើនាវាចម្បាំងរបស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានរដ្ឋអ៊ីរ៉ង់ ក៏អះអាងដែរថា ពិតជាមានការផ្ទុះនៅទីក្រុងមួយចំនួនមែន ដូចជា តេហេរ៉ង់, Qeshm និង Bandar Abbas ហើយចោទប្រកាន់សហរដ្ឋអាមេរិក ថា រំលោភបទឈប់បាញ់៕
