យក្សបន្ទះឈីបអាមេរិក Intel គ្រោងបង្កើនការវិនិយោគ គាំទ្រការបណ្តុះបណ្តាលកម្លាំងពលកម្ម និងជួយអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបនៅវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងកិច្ចពិភាក្សារវាងអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម លោក Bùi Hoàng Phương និងអនុប្រធានក្រុមហ៊ុន Intel លោកស្រី Sarah Kemp នៅទីក្រុងហាណូយ។

លោក Phương បានស្នើវិស័យអាទិភាពចំនួន៥រួមមាន៖ ការពង្រីកវិនិយោគ ការស្រាវជ្រាវ និងផលិតកម្ម ការផ្តល់ដំបូន្មានលើមជ្ឈមណ្ឌលផលិតបន្ទះឈីបជាតិ ការអភិវឌ្ឍរោងចក្របន្ទះឈីបដំបូងគេ ការបណ្តុះបណ្តាលកម្លាំងពលកម្ម និងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបន្ទះឈីប។
គួរបញ្ជាក់ថា Intel កំពុងផ្លាស់ប្តូរខ្សែច្រវាក់ផលិតកម្មពីកូស្តារីកាមកវៀតណាម ដោយរួមមានខ្សែផ្គុំ វេចខ្ចប់ និងសាកល្បងបន្ទះឈីបសម្រាប់ម៉ាស៊ីនមេទំនើប។ បច្ចុប្បន្ន Intel Products Vietnam ជារោងចក្រផ្គុំនិងសាកល្បងធំជាងគេរបស់ក្រុមហ៊ុននៅលើពិភពលោក ដោយមានទុនវិនិយោគជិត ៤,១២ប៊ីលានដុល្លារ។
