គុយបាព្រមានមហាអំណាច៖ ផ្លូវរបស់អាមេរិកកំពុងនាំទៅរកការបង្ហូរឈាម!

គុយបាព្រមានមហាអំណាច៖ ផ្លូវរបស់អាមេរិកកំពុងនាំទៅរកការបង្ហូរឈាម!

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានចេញមុខព្រមានយ៉ាងខ្លាំងក្លាថា សហរដ្ឋអាមេរិកកំពុងដើរលើផ្លូវដ៏គ្រោះថ្នាក់ ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមទាំងការបង្ហូរឈាមក្នុងប្រទេសគុយបាផងដែរ។

នៅក្នុងបទសម្ភាសន៍ពិសេសជាមួយសារព័ត៌មាន ABC នៅទីក្រុង Havana កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា លោក Rodriguez បានថ្លែងថា៖ «យើងចាត់ទុកការគំរាមកំហែងរបស់លោក ត្រាំ គឺជារឿងធ្ងន់ធ្ងរណាស់! គុយបានឹងអនុវត្តសិទ្ធិការពារស្របច្បាប់របស់ខ្លួន ប្រសិនបើមានការវាយប្រហារដោយយោធាមែននោះ»។

រដ្ឋមន្ត្រីការបរទេសគុយបា

លោក Rodriguez បានព្រមានទៀតថា ផ្លូវដែលរដ្ឋបាលសហរដ្ឋអាមេរិកបានជ្រើសរើសនេះ អាចនាំឱ្យមានផលវិបាកមិនអាចនឹកស្មានដល់ រហូតដល់គ្រោះមហន្តរាយមនុស្សធម៌ អំពើប្រល័យពូជសាសន៍ និងការបាត់បង់ជីវិតទាំងជនជាតិគុយបា និងយុវជនអាមេរិក។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក ត្រាំ បានអះអាងថា ប្រព័ន្ធនយោបាយគុយបាត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយថែមទាំងប្រកាសថា «បន្ទាប់ពីប្រតិបត្តិការនៅអ៊ីរ៉ង់ គុយបានឹងក្លាយជាប្រទេសបន្ទាប់»។

ជាការឆ្លើយតបដ៏ម៉ឺងម៉ាត់ លោក Rodriguez បានបញ្ជាក់ថា គុយបានឹងអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនរហូតដល់វេលាចុងក្រោយ ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស។ លោកបន្តថា គុយបាមិនមែនជាការគំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយការបរទេស សេដ្ឋកិច្ច ឬរបៀបរស់នៅរបស់អាមេរិកនោះទេ។

លោក Rodriguez បានបញ្ជាក់យ៉ាងច្បាស់ថា៖ «មិនមានវឌ្ឍនភាពណាមួយក្នុងការចរចាជាមួយសហរដ្ឋអាមេរិកទេ! យើងច្រានចោលការទាមទារថ្មីៗពីរដ្ឋបាល លោក ត្រាំ សម្រាប់កំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។ បញ្ហាទ្វេភាគីអាចពិភាក្សាគ្នាបាន តែប្រព័ន្ធនយោបាយ ឬកិច្ចការផ្ទៃក្នុងរបស់គុយបា គឺគ្មាននៅលើតុពិភាក្សាឡើយ»៕

ប្រែសម្រួល៖ ណឺ មិនា

administrator

Related Articles