ចរចាជុំទី៣! អ៊ីស្រាអែល-លីបង់ រកផ្លូវបញ្ចប់ជម្លោះនៅវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

ចរចាជុំទី៣! អ៊ីស្រាអែល-លីបង់ រកផ្លូវបញ្ចប់ជម្លោះនៅវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

វ៉ាស៊ីនតោន៖ ប្រទេសអ៊ីស្រាអែល និងលីបង់ គ្រោងរៀបចំកិច្ចចរចាដោយផ្ទាល់ជុំទីបីនៅទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ ខណៈបទឈប់បាញ់កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua។

មន្ត្រីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរប្រចាំនៅអាមេរិក នឹងជួបពិភាក្សាដោយផ្ទាល់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍ក្រោយ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានទៅរកបទឈប់បាញ់ប្រកបដោយចីរភាព។

Israel-Lebanon talks

ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលជាការវាយប្រហារលើកដំបូងលើរដ្ឋធានីលីបង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ភាគីអ៊ីស្រាអែលអះអាងថា បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុម Hezbollah។

សហរដ្ឋអាមេរិកធ្លាប់បានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងភាគីទាំងពីរកាលពីខែមុន បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍រវាងកងទ័ពអ៊ីស្រាអែល និងក្រុម Hezbollah។ ទោះជាយ៉ាងណា បទឈប់បាញ់ដ៏ផុយស្រួយនេះកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង។

ចំណែកក្រុម Hezbollah វិញ បានអះអាងពីការវាយប្រហារសងសឹកលើរថយន្តយោធា និងការប្រមូលផ្តុំកងទ័ពរបស់អ៊ីស្រាអែល។ កិច្ចចរចាជុំទីបីនេះត្រូវបានគេរំពឹងថានឹងផ្តោតលើលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរ។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles