CIA លាតត្រដាង៖ អ៊ីរ៉ង់អាចទ្រាំការបិទផ្លូវទឹកបាន ៤ខែ ធ្វើឲ្យអាមេរិកពិបាកដាក់សម្ពាធ

CIA លាតត្រដាង៖ អ៊ីរ៉ង់អាចទ្រាំការបិទផ្លូវទឹកបាន ៤ខែ ធ្វើឲ្យអាមេរិកពិបាកដាក់សម្ពាធ

ទោះបីសហរដ្ឋអាមេរិកបញ្ជូនកងទ័ពជើងទឹកទៅបិទខ្ទប់កំពង់ផែសំខាន់ៗរបស់អ៊ីរ៉ង់ក៏ដោយ ក៏លទ្ធផលមិនដូចការរំពឹងទុកនោះឡើយ។ ការវាយតម្លៃចុងក្រោយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានបង្ហាញថា របបដឹកនាំនៅទីក្រុងតេហេរ៉ង់ មានសមត្ថភាពសេដ្ឋកិច្ច និងធនធានបម្រុងរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការបិទខ្ទប់នេះបានរហូតដល់ទៅ ៤ខែទៀត។

រូបភាពពាក់ព័ន្ធ

India Today បានចុះផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ថា របាយការណ៍ CIA បានធ្វើឲ្យមន្ត្រីជាន់ខ្ពស់នៅសេតវិមានមានការបារម្ភយ៉ាងខ្លាំង ព្រោះសម្ពាធសេដ្ឋកិច្ចដែលអាមេរិកកំពុងដាក់ទៅលើអ៊ីរ៉ង់ នឹងមិនអាចផ្តល់ផលភ្លាមៗដើម្បីបង្ខំឲ្យភាគីអ៊ីរ៉ង់យល់ព្រមតាមលក្ខខណ្ឌចរចានោះទេ។

បើតាមការវិភាគពីមន្ត្រីអាមេរិកដែលដឹងច្បាស់ពីរបាយការណ៍សម្ងាត់នេះ អ៊ីរ៉ង់នឹងមិនទាន់ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងពេលឆាប់ៗនេះទេ ដែលនេះជាឧបសគ្គធំសម្រាប់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការទាញអ៊ីរ៉ង់ឲ្យមកអង្គុយតុចរចាលើបញ្ហានុយក្លេអ៊ែរ និងសន្តិសុខផ្សេងៗទៀត។

រូបភាពពាក់ព័ន្ធ

ក្នុងអំឡុងពេលដែលអ៊ីរ៉ង់នៅមានដង្ហើមសេដ្ឋកិច្ចសម្រាប់រយៈពេល ៤ខែខាងមុខ ស្ថានការណ៍នៅតំបន់ឈូងសមុទ្រកាន់តែឡើងកម្ដៅ ដោយសារអ៊ីរ៉ង់នៅតែបង្ហាញជំហររឹងរូស និងមិនទាន់ព្រមឆ្លើយតបនឹងសំណើសន្តិភាពរបស់អាមេរិក។ ការដែលអ៊ីរ៉ង់អាចទ្រាំទ្របានយូរបែបនេះ បានធ្វើឲ្យមានការចោទសួរពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្របិទខ្ទប់សមុទ្ររបស់អាមេរិក ព្រោះតម្លៃប្រេងពិភពលោកបានហក់ឡើងខ្ពស់ ដែលកំពុងផ្តល់ផលប៉ះពាល់ត្រឡប់មកសេដ្ឋកិច្ចអាមេរិក និងសម្ព័ន្ធមិត្តវិញ។

ជារួម របាយការណ៍របស់ CIA នេះបានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាម និងការដាក់សម្ពាធសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរនឹងមិនអាចបញ្ចប់យ៉ាងងាយស្រួលក្នុងរយៈពេលខ្លីនោះឡើយ។ អ៊ីរ៉ង់ហាក់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធរយៈពេលវែង ហើយក្តីសង្ឃឹមក្នុងការឃើញការចុះចាញ់ ឬការយល់ព្រមតាមលក្ខខណ្ឌរបស់អាមេរិក ហាក់នៅឆ្ងាយសន្លឹមនៅឡើយ៕

administrator

Related Articles