CNN ផុសរបាយការណ៍សម្ងាត់៖ មេដឹកនាំថ្មីអ៊ីរ៉ង់ Mojtaba កំពុងដឹកនាំយុទ្ធសាស្ត្រសង្គ្រាមពីក្រោយឆាក

CNN ផុសរបាយការណ៍សម្ងាត់៖ មេដឹកនាំថ្មីអ៊ីរ៉ង់ Mojtaba កំពុងដឹកនាំយុទ្ធសាស្ត្រសង្គ្រាមពីក្រោយឆាក

ភ្នំពេញ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានចេញសេចក្តីរាយការណ៍ថ្មីមួយ ដោយជឿជាក់ថាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រសង្គ្រាម និងការចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទោះបីគាត់មិនទាន់បង្ហាញខ្លួនជាសាធារណៈក៏ដោយ។

របាយការណ៍របស់បណ្តាញព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃសុក្រទី៨ ខែឧសភា បានឲ្យដឹងថា លោកបានដឹកនាំកិច្ចការនានា បន្ទាប់ពីឪពុករបស់លោកត្រូវបានសម្លាប់ក្នុងការវាយប្រហារ និងការប្រកាសឡើងកាន់តំណែងកាលពីដើមខែមិនា។

ទោះជាយ៉ាងណា ប្រភពជិតស្និទ្ធនឹងការវាយតម្លៃសម្ងាត់របស់អាមេរិកបានបញ្ជាក់ថា នៅមានមន្ទិលសង្ស័យអំពីកម្រិតអំណាចពិតប្រាកដដែលលោក Khamenei កំពុងកាន់កាប់នៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់អ៊ីរ៉ង់ ខណៈមន្ត្រីជាន់ខ្ពស់ជាច្រើនរូបត្រូវបានសម្លាប់ក្នុងសង្គ្រាម។

មន្ត្រីអាមេរិកជឿជាក់ថា លោក Khamenei នៅតែបន្តធ្វើការទាក់ទងតាមរយៈអ្នកនាំសារដែលទុកចិត្ត និងការជួបដោយផ្ទាល់ ក្នុងអំឡុងពេលដែលលោកកំពុងសម្រាកព្យាបាលរបួស រួមមានរបួសរលាក និងរបួសដោយសារអំបែងគ្រាប់បែក។

ដោយឡែក មន្ត្រីអ៊ីរ៉ង់បានអះអាងថា លោកកំពុងមានសភាពធូរស្រាលឡើងវិញហើយ។ លោក Mazaher Hosseini ប្រធានពិធីការនៃការិយាល័យមេដឹកនាំកំពូល បានបញ្ជាក់កាលពីថ្ងៃសុក្រថា ស្ថានភាពសុខភាពរបស់លោក Khamenei បានប្រសើរឡើងច្រើន។

របាយការណ៍ដដែលបានបន្ថែមថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានចុះខ្សោយ ប៉ុន្តែមិនទាន់ត្រូវបានកម្ទេចទាំងស្រុងដោយការវាយប្រហាររបស់អាមេរិកនោះទេ ដោយគ្រឿងបាញ់មីស៊ីលជាច្រើននៅតែអាចដំណើរការបាន។ សមាជិកជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) និងប្រធានសភា លោក Mohammad Bagher Ghalibaf កំពុងកាន់កាប់កិច្ចការប្រតិបត្តិការប្រចាំថ្ងៃរបស់រដ្ឋាភិបាល ស្របពេលកិច្ចប្រឹងប្រែងការទូតជាមួយរដ្ឋបាលលោក ត្រាំ កំពុងបន្តធ្វើឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles