ខេត្តបាត់ដំបង៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងជូនសាធារណជនឲ្យបានជ្រាបថា បន្ទាប់ពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញពាក់ព័ន្ធនឹងឈ្មោះ លឿន សាក់ឡែន ហៅឡែន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងរឿងលួចនាំផ្លែទុរេនពីប្រទេសថៃចូលមកកម្ពុជា សមត្ថកិច្ចបានបញ្ជូនសំណុំរឿង និងជនសង្ស័យរូបនេះ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននិងកំពុងដឹកនាំស្រាវជ្រាវចំពោះមន្ត្រីនគរបាលដែលមានតួនាទី និងភារកិច្ចឈរជើងនៅចំណុចដែលសង្ស័យថាមានកើតករណីល្មើសខាងលើនេះផងដែរ។
ជាមួយគ្នានេះ សមត្ថកិច្ចនគរបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មហាជនទូទៅ ដែលមានតម្រុយ ឬភស្តុតាងទាក់ទងនឹងករណីខាងលើ សូមមេត្តាផ្តល់ព័ត៌មានមកសមត្ថកិច្ចតាមគ្រប់មធ្យោបាយ ដើម្បីរួមចំណែកក្នុងការស្រាវជ្រាវឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចការដែលកំពុងដំណើរការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នេះ ប្រសិនបើរកឃើញថាករណីខាងលើមានជាប់ពាក់ព័ន្ធដល់មន្ត្រីនគរបាលជាតិរូបណានោះ មន្ត្រីនគរបាលជាតិរូបនោះត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះកំហុសឆ្គងដែលបានប្រព្រឹត្តិ និងត្រូវចាត់វិធានការស្របតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ឬស្របតាមច្បាប់ជាធរមាន»។
ដោយ៖ សិលា
