ទីក្រុងមូស្គូ៖ រុស្ស៊ីបានដាក់លក្ខខណ្ឌមួយចំណុចទៅកាន់អ៊ុយក្រែន ប្រសិនបើទីក្រុងកៀវពិតជាចង់ឲ្យមានកិច្ចប្រជុំត្រីភាគីជាមួយសហរដ្ឋអាមេរិកនោះ។

សារព័ត៌មាន RT បានដកស្រង់សម្តីជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន គឺលោក យូរី យូសាកូហ្វ ដែលបានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី៧ ខែឧសភា ឆ្នាំ២០២៦ ថា អ៊ុយក្រែនត្រូវតែបោះជំហានសំខាន់មួយ គឺ«ការដកទ័ពអ៊ុយក្រែនចេញពីផ្នែកខ្លះនៃតំបន់ Donbass»ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននៅឡើយ។
ទោះជាយ៉ាងណា លក្ខខណ្ឌនេះប្រហែលជាអ៊ុយក្រែនមិនអាចធ្វើតាមបានឡើយ ព្រោះវាជាអ្វីដែលទីក្រុងកៀវបដិសេធជាយូរមកហើយ។

លោកយូសាកូហ្វបន្តថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងនាមជាអ្នកសម្របសម្រួលបានជាប់គាំង បន្ទាប់ពីកិច្ចប្រជុំចុងក្រោយនៅទីក្រុងហ្សឺណែវ កាលពីខែកុម្ភៈ ដោយសារភាគីអាមេរិករវល់នឹងវិបត្តិមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំអ៊ុយក្រែនបានបដិសេធម្តងហើយម្តងទៀតថា ការដកទ័ពស្មើនឹងការបោះបង់ទឹកដី ហើយការដណ្តើមយកមកវិញនូវតំបន់នានាដែលត្រូវបានបញ្ចូលទៅក្នុងរុស្ស៊ី នៅតែជាគោលដៅចម្បងរបស់ខ្លួន៕
