ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ខណៈជិះម៉ូតូត្រូវបានរថយន្តបើកបុកពីក្រោយរួចកិនពីលើខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ និង ៥០ នាទីរសៀល ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវលេខ ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនរងគ្រោះជិះម៉ូតូស្តុបពណ៌ពាក់ផ្លាកលេខ ភ្នំពេញ 1HD-3240 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនច្បាស់ម៉ាកមួយគ្រឿងបើកមកពីក្រោយបុកនិងកិនបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះវាស់វែងកន្លែងកើតហេតុ និងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីរង់ចាំស្រាវជ្រាវតាមចាប់ភាគីបង្កមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើលិខិតប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុខាសែនជ័យ
