ខេត្តកណ្តាល៖ កម្លាំងប៉ុស្តិ៍នគរបាលឃុំគគីរធំ សហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានបើកប្រតិបត្តិការណ៍ឆ្មក់ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ប្រុស៤នាក់ ស្រី១នាក់) ករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:៤០នាទី ចំណុចភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងចំណោមជនសង្ស័យទាំង៥នាក់ មានម្នាក់ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ កំពុងជាប់ពន្ធនាគារនៅពន្ធនាគារព្រៃស ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះ ជា រាជ ភេទប្រុស អាយុ៣២ឆ្នាំ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២៦៥ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចេញដោយលោក ម៉ាងណុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។
ជនសង្ស័យ៣នាក់ផ្សេងទៀតរួមមាន៖ ឈ្មោះ រឿងធូ ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ រំដួល ពៅ (ហៅចេក) ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ផល ដានី ភេទស្រី អាយុ៣២ឆ្នាំ ដែលសុទ្ធតែមានទីលំនៅក្នុងភូមិសាស្ត្រឃុំគគីរធំ។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៤កញ្ចប់ ទម្ងន់សរុប ៣,៩៧ក្រាម, សម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ព្រមទាំងកាំភ្លើងស្នប់កែឆ្នៃចំនួន៣ដើម។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ (លើកលែងឈ្មោះ ចាន់ ដារ៉ា ដែលជាប់ពន្ធនាគារ) ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅចាត់ការតាមនីតិវិធី៕
