ភ្នំពេញ៖ គម្រោងធំៗនីមួយៗពិតជាបានមកដោយកម្រ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះជាការលើកឡើងរបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបន្តថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាគម្រោងដ៏ធំមួយដែលបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបញ្ចៀសបញ្ហាទឹកជំនន់ និងកាកសំណល់រាវជាដើម។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងជានាយកគម្រោង តែងតែចុះផ្ទាល់ដឹកនាំក្រុមការងារអនុវត្តគម្រោង ពិនិត្យការងារជាប្រចាំ។ លោកបញ្ជាក់ថា ការអនុវត្តន៍តែងមានផលប៉ះពាល់ ប៉ុន្តែយើងខិតខំកាត់បន្ថយផលប៉ះពាល់នោះឱ្យតូចតាមដែលអាចធ្វើទៅបាន។

គម្រោងនេះចែកចេញជា២ផ្នែក៖ ១) ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូប្រវែង ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការតំណភ្ជាប់តាមខ្នងផ្ទះ។ ២) ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមានបណ្តាញលូរំដោះទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ២១ ប្រវែង ៥គីឡូម៉ែត្រ និងការស្ដារស្ថានីយបូមទឹកកខ្វក់។


គួរបញ្ជាក់ថា គិតត្រឹមចុងខែមេសា ឆ្នាំ២០២៦នេះ គម្រោងសម្រេចបាន ៣៣% ហើយ ហើយគម្រោងទាំងមូលនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។ ក្រសួងសូមអរគុណចំពោះការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋក្នុងដំណើរការអនុវត្តគម្រោង។


