ប្រទេសគុយបា បានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទណ្ឌកម្មសេដ្ឋកិច្ច និងការរឹតត្បិតថ្មីៗដែលដាក់ចេញដោយសហរដ្ឋអាមេរិក ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានបង្កើនការបិទខ្ទប់សេដ្ឋកិច្ចប្រឆាំងនឹងប្រទេសកោះមួយនេះ ដល់ «កម្រិតខ្លាំងបំផុត និងមិនធ្លាប់មានពីមុនមក»។
យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Anadolu ក្រសួងការបរទេសគុយបា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបានបដិសេធចំពោះបទបញ្ជាប្រតិបត្តិ (Executive Order) ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី ១ ខែឧសភា ដែលបានរឹតបន្តឹងការរឹតត្បិតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មប្រឆាំងនឹងគុយបា។
ក្រសួងក៏បានរិះគន់ផងដែរចំពោះការសម្រេចចិត្តដែលប្រកាសដោយក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបន្ថែមអង្គភាពរបស់គុយបាចំនួនពីរគឺ Gaesa និង MoaNickel SA ទៅក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក ដោយពិពណ៌នាចំណាត់ការនេះថាជា «វិធានាមារបង្ខិតបង្ខំដំបូងបង្អស់» ដែលកើតចេញពីបទបញ្ជាប្រតិបត្តិនោះ។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងបន្ថែមថា នេះគឺជាទង្វើឈ្លានពានផ្នែកសេដ្ឋកិច្ចដ៏សាហាវឃោរឃៅ ដែលបង្កើនឥទ្ធិពលក្រៅដែនដីនៃការបិទខ្ទប់ ជាមួយនឹងលទ្ធភាពនៃការអនុវត្តទណ្ឌកម្មបន្ទាប់បន្សំប្រឆាំងនឹងក្រុមហ៊ុន ធនាគារ និងអង្គភាពបរទេស ទោះបីជាអាជីវកម្មរបស់ពួកគេនៅលើទឹកដីអាមេរិក មិនមានការផ្សារភ្ជាប់អ្វីជាមួយប្រទេសគុយបាក៏ដោយ។
សេចក្តីថ្លែងការណ៍បានពណ៌នាការហ៊ុមព័ទ្ធរបស់អាមេរិកថាជា «អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនគុយបា» ដោយវិធានការចុងក្រោយបង្អស់នេះ គឺមានបំណងបង្កឲ្យមានការដួលរលំសេដ្ឋកិច្ចក្នុងប្រទេស ចលាចលសង្គម និងវិបត្តិមនុស្សធម៌។ ជាក់ស្ដែង វិបត្តិនេះបានដុនដាបរួចទៅហើយ ដោយសារការរឹតត្បិតលើការនាំចូលប្រេងឥន្ធនៈ ដែលត្រូវបានដាក់ចេញកាលពីដើមឆ្នាំនេះ។
នៅក្នុងសារចុងក្រោយនេះ ក្រសួងបានអះអាងថែមទៀតថា «យើងសូមថ្កោលទោសចំពោះចរិតលក្ខណៈឧក្រិដ្ឋនៃវិធានការឈ្លានពានទាំងនេះ ដែលមានបំណងធ្វើឲ្យប្រជាជនគុយបាធ្លាក់ក្នុងភាពអត់ឃ្លាន និងអស់សង្ឃឹម ហើយព្យាយាមបង្កឲ្យមានមហន្តរាយផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយក្នុងកម្រិតថ្នាក់ជាតិ»។ ទីក្រុងហាវ៉ាណា (Havana) ក៏បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ផងដែរថា បានព្យាយាមធ្វើឲ្យប្រទេសរបស់ខ្លួនស្ថិតក្នុងភាពឯកោនៅលើឆាកអន្តរជាតិ។
អត្ថបទ៖ សាង ស្រីល័ក្ខ
