រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ ទី៨ ខែឧសភា ដោយលោកបានជំរុញឲ្យបណ្តាប្រទេសអឺរ៉ុបចូលរួមការពារសន្តិសុខនៅច្រកសមុទ្រ Hormuz ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន AFP ។ភារកិច្ចនេះត្រូវបានគេមើលឃើញថាមានភាពស្មុគស្មាញ ដោយសារថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងទាំងទៅលើសម្តេចប៉ាប និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ទោះបីលោកស្រីជាសម្ព័ន្ធមិត្តជិតស្និទ្ធក៏ដោយ។បន្ទាប់ពីជំនួបជាមួយលោកស្រី Meloni លោក Rubio បានថ្លែងថា៖ «ពិភពលោកត្រូវតែចាប់ផ្ដើមសួរខ្លួនឯងថា តើខ្លួនត្រៀមខ្លួនធ្វើអ្វីខ្លះ ប្រសិនបើអ៊ីរ៉ង់ព្យាយាមគ្រប់គ្រងផ្លូវទឹកអន្តរជាតិនេះ?»។ការអំពាវនាវនេះគឺសំដៅទៅលើប្រទេសអ៊ីតាលី និងអឺរ៉ុបផ្សេងទៀត ដែលលោក ត្រាំ រិះគន់ថាបានឈរឱបដៃមើល មិនព្រមជួយអាមេរិកក្នុងការការពារច្រកសមុទ្រដ៏មានសារៈសំខាន់នេះ។ជាមួយគ្នានេះ លោក ត្រាំ បានគំរាមដកកងទ័ពអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញ បន្ទាប់ពីបានប្រកាសដកទ័ព ៥,០០០ នាក់ចេញពីអាល្លឺម៉ង់រួចមក។ មូលហេតុគឺដោយសារប្រទេសទាំងនេះបដិសេធមិនចូលរួមក្នុងជម្លោះ។លោក Rubio បានបញ្ជាក់ថា៖ «ប្រសិនបើមូលហេតុចម្បងដែលអាមេរិកស្ថិតក្នុងអង្គការណាតូ គឺដើម្បីដាក់ពង្រាយកងទ័ពក្នុងតំបន់អឺរ៉ុប ប៉ុន្តែឥឡូវនេះសមាជិកមួយចំនួនបែរជាមិនសហការ នោះវាជាបញ្ហាដែលត្រូវតែពិនិត្យឡើងវិញ»។ទោះជាយ៉ាងណា លោក Rubio បានកត់សម្គាល់ថា លោក ត្រាំ នៅមិនទាន់សម្រេចច្បាស់លាស់ថាត្រូវដាក់ពិន័យ ឬស្ដីបន្ទោសដល់ប្រទេសទាំងនោះតាមរបៀបណានៅឡើយទេ៕អត្ថបទ៖ សាង ស្រីល័ក្ខ
