ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ បានបញ្ជាក់ដោយច្បាស់លាស់ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ឱ្យប្រធានគណៈកម្មាធិការសមាគមថ្នាក់ខណ្ឌត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយុទ្ធជនជួរមុខ។

លោកបានសង្កត់ធ្ងន់ថា ក្រៅពីការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជនទូទៅនៅតាមមូលដ្ឋានរួចហើយនោះ គណៈកម្មាធិការសមាគមថ្នាក់ខណ្ឌត្រូវពិនិត្យមើលជីវភាពប្រចាំថ្ងៃជូនគ្រួសារយុទ្ធជនជួរមុខ ដោយបើមានការខ្វះខាតអ្វីត្រូវផ្តល់ជូនពួកគាត់ភ្លាមៗ ព្រមទាំងត្រូវគិតគូរពីការសិក្សារបស់កូនៗរបស់ពួកគាត់ផងដែរ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ «កន្លងមកនេះ យើងអនុវត្តការងារបានល្អហើយ សូមបន្តការងារនេះឱ្យកាន់តែល្អថែមទៀត។ យើងមានស្ថិតិរួចហើយ ដូច្នេះត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះពួកគាត់»។

ក្នុងឱកាសនោះ លោកអភិបាលរាជធានីក៏បានជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ត្រូវគោរពនិងប្រតិបត្តិឱ្យខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់សមាគម ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត ឬកំពុងមានជំងឺ និងផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែលបានទទួលមរណភាពឱ្យទាន់ពេលវេលា។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការសមាគម តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ដើម្បីបុព្វហេតុរំដោះជាតិ និងមាតុភូមិ។

លោកអភិបាលរាជធានីបានបន្ថែមថា ការបង្កើតសមាគមនេះឡើងគឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹមពួកគាត់ឱ្យបានល្អ និងមានភាពកក់ក្តៅ ដូចជាគ្រួសារខ្មែរយើងនៅពេលឪពុកម្តាយចាស់ជរាទៅ កូនចៅត្រូវមើលថែទាំឪពុកម្តាយដូច្នោះដែរ។

ជាមួយគ្នានេះ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានអានសេចក្តីសម្រេចស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ដោយបានតែងតាំងអភិបាលខណ្ឌទាំង១៤ ជាប្រធានគណៈកម្មាធិការសមាគមថ្នាក់ខណ្ឌ ដោយមានអនុប្រធានប្រចាំការ ១រូប អនុប្រធាន ៣រូប និងសមាជិក សមាជិកា ២រូប នៅគ្រប់ខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ៕

