អាមេរិក​បង្កើន​សម្ពាធ​លើ​អ៊ីរ៉ាក់​ក្រោយ​ក្រុម​គាំទ្រ​អ៊ីរ៉ង់​វាយប្រហារ​ការទូត​អាមេរិក​ជាង​៦០០​លើក

អាមេរិក​បង្កើន​សម្ពាធ​លើ​អ៊ីរ៉ាក់​ក្រោយ​ក្រុម​គាំទ្រ​អ៊ីរ៉ង់​វាយប្រហារ​ការទូត​អាមេរិក​ជាង​៦០០​លើក

សហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធដាក់លើរដ្ឋាភិបាលអ៊ីរ៉ាក់ ឲ្យផ្តាច់ខ្លួនចេញពីក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ បន្ទាប់ពីក្រុមនេះបានវាយប្រហារជាង ៦០០ លើក ចូលទីតាំងការទូតរបស់អាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។

រូបភាពព័ត៌មាន

យោងតាមសារព័ត៌មានអាមេរិក NBC ផ្សាយថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ ទីកន្លែងការទូតប្រចាំទីក្រុងបាកដាដ ដែលជាមជ្ឈមណ្ឌលភស្តុភារអាមេរិក ត្រូវបានវាយប្រហារដោយដ្រូនម្តងហើយម្តងទៀត ជាពិសេសនៅពាក់កណ្តាលខែមីនា។

គិតត្រឹមថ្ងៃអង្គារ ស្ថានទូតអាមេរិកនៅទីក្រុងបាកដាដបានជំរុញឲ្យជនជាតិអាមេរិកចាកចេញពីប្រទេសអ៊ីរ៉ាក់ ដោយព្រមានថា កងជីវពលបន្តរៀបចំផែនការវាយប្រហារបន្ថែមប្រឆាំងនឹងពលរដ្ឋអាមេរិក និងគោលដៅដែលជាប់ទាក់ទងនឹងសហរដ្ឋអាមេរិកនៅទូទាំងប្រទេសអ៊ីរ៉ាក់។

រូបភាពព័ត៌មាន

មិនតែប៉ុណ្ណោះ ក្រសួងការបរទេសអាមេរិកប្រកាសដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ាក់ លោក Ali Maarij al-Bahadly កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ថាលោកបានរំលោភលើតួនាទីដើម្បីបង្វែរប្រេងអ៊ីរ៉ាក់គាំទ្ររបបអ៊ីរ៉ង់។ អ្នកនាំពាក្យការបរទេសអាមេរិក លោក Tommy Pigott បានបញ្ជាក់ថា ប្រេងអ៊ីរ៉ង់ត្រូវបានលាយជាមួយប្រេងអ៊ីរ៉ាក់ ហើយលក់ដើម្បីផលប្រយោជន៍របស់អ៊ីរ៉ង់។

ទាក់ទងនឹងបញ្ហានេះ ស្ថានទូតអ៊ីរ៉ាក់ប្រចាំទីក្រុងវ៉ាស៊ីនតោនមិនទាន់បានឆ្លើយតបភ្លាមៗនោះទេ។ សកម្មភាពនេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់រដ្ឋបាលលោកត្រាំ ក្នុងការគ្រប់គ្រងឥទ្ធិពលអ៊ីរ៉ង់ក្នុងប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលមានក្រុមកងជីវពលជាច្រើនមានទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់។

administrator

Related Articles