ក្បួនដង្ហែរព្យុហយាត្រាយោធាដ៏ធំមួយដើម្បីរំលឹកខួបលើកទី៨១ឆ្នាំ នៃជ័យជម្នះរបស់សហភាពសូវៀតលើកងទ័ពណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ បានធ្វើឡើងនៅទីក្រុងមូស្គូ ដោយមិនមានការរំខានពីភាគីអ៊ុយក្រែន ស្ថិតក្រោមបទឈប់បាញ់ជាឯកតោភាគីរបស់រុស្ស៊ី។
ស្ថិតក្រោមបទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដោយមានវត្តមានអតីតយុទ្ធជនជាច្រើន ភ្ញៀវ និងមេដឹកនាំបរទេសបានមើលក្បួនដង្ហែរពីវេទិកាត្រួតពិនិត្យកណ្តាលនៅលើទីលានក្រហម។

ការរៀបចំក្បួនព្យុហយាត្រាយោធាឆ្នាំនេះហាក់មិនសូវអ៊ឹកធឹក ដូចការរំឭកខួបទី៨០ឆ្នាំកាលពីឆ្នាំមុនទេ ដោយសារវត្តមានមេដឹកនាំពិភពលោកតិចតួច ខណៈកាលពីឆ្នាំមុនមានវត្តមានមេដឹកនាំចិន លោក ស៊ី ជីនពីង មេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំជាច្រើនទៀត។
សម្រាប់ឆ្នាំនេះវិញ មានការចូលរួមពីនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ប្រធានាធិបតីឡាវ លោក Thongloun Sisoulith មហាក្សត្រម៉ាឡេស៊ី Sultan Ibrahim ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev និងប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrey Belousov បានត្រួតពិនិត្យក្បួនដង្ហែរ ដែលបញ្ជាដោយអគ្គមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក Andrey Mordvichev។ សារព័ត៌មានរុស្ស៊ី TASS បានរំលេចថា ឆ្នាំនេះជាលើកដំបូងដែលក្រុមយោធាមកពីកូរ៉េខាងជើងបានចូលរួមក្នុងក្បួនដង្ហែរនៅលើទីលានក្រហម។
មេដឹកនាំរុស្ស៊ីបានប្រកាសបទឈប់បាញ់ជាមួយអ៊ុយក្រែនចន្លោះថ្ងៃទី៨ និងទី៩ខែឧសភា ដើម្បីប្រារព្ធទិវាជ័យជម្នះនេះ។ ចំណែកអ៊ុយក្រែនវិញក៏បានប្រកាសបទឈប់បាញ់ដូចគ្នា ប៉ុន្តែមុនពេលកំណត់ដោយរុស្ស៊ី។ ក្រោយការប្រកាសនេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានអះអាងថា រុស្ស៊ីបានរំលោភបទឈប់បាញ់ជិត២០០០លើក។
ក្នុងភាពមិនចាញ់មិនឈ្នះរវាងរុស្ស៊ីនិងអ៊ុយក្រែននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារថា រុស្ស៊ីនិងអ៊ុយក្រែនយល់ព្រមលើបទឈប់បាញ់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ទី១០ខែឧសភា ដែលលោកចាត់ទុកថាជាការចាប់ផ្តើមដ៏សំខាន់សម្រាប់ដំណើរការចរចាសន្តិភាព។
