ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣និង៥០នាទី នៅចំណុចភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សមត្ថកិច្ចបានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០២១។

ប្រតិបត្តិការនេះត្រូវបានអនុវត្តក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក ដោយភ្ជាប់ជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់។
ការឃាត់ខ្លួននេះគឺអនុវត្តតាម ដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយឃាត់ខ្លួនពិរុទ្ធជនឈ្មោះ ឌឹម ណាវ ភេទប្រុស កើតឆ្នាំ១៩៨៦ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ពីបទ «នាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» ដែលបានប្រព្រឹត្តនៅចំណុចភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
