ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសភ្ញាក់ផ្អើលពីបទឈប់បាញ់រយៈពេល ៣ថ្ងៃ រវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ ម្ខាង ១០០០នាក់។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី ៨ ឧសភា លោកត្រាំបានសរសេរថា បទឈប់បាញ់នឹងអនុវត្តនៅថ្ងៃទី ៩, ១០ និង ១១ ឧសភា ដើម្បីឱ្យរុស្ស៊ីប្រារព្ធទិវាជ័យជម្នះ ខណៈលោកបញ្ជាក់ថា អ៊ុយក្រែនក៏ជាផ្នែកសំខាន់នៃសង្គ្រាមលោកលើកទី២ផងដែរ។

មុននេះ រុស្ស៊ីបានប្រកាសបទឈប់បាញ់ត្រឹម ២ថ្ងៃ តែព្រមានថា បើអ៊ុយក្រែនបំពាន ទីក្រុងមូស្គូនឹងសងសឹកយ៉ាងខ្លាំងក្លា ដោយកំណត់គោលដៅលើរដ្ឋធានីកៀវ។
រុស្ស៊ីថែមទាំងប្រកាសឱ្យបេសកកម្មការទូត និងអង្គការអន្តរជាតិចាកចេញពីទីក្រុងកៀវជាបន្ទាន់ ដោយព្រមានថា នឹងបើកការវាយប្រហារសងសឹកទ្រង់ទ្រាយធំ បើអ៊ុយក្រែនវាយប្រហារនៅទិវាជ័យជម្នះ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអំពាវនាវឱ្យប្រទេសនានាជម្លៀសបុគ្គលិក និងពលរដ្ឋចេញពីកៀវឱ្យបានទាន់ពេលវេលា ព្រោះនឹងមានការវាយប្រហារសងសឹកដែលមិនអាចចៀសផុត លើទីក្រុងកៀវ រួមទាំងមជ្ឈមណ្ឌលសម្រេចចិត្តនានា ប្រសិនបើអ៊ុយក្រែននៅតែបន្តផែនការភេរវកម្ម។
អត្ថបទ៖ សុខ សុវណ្ណ
