ពូទីន ប្រកាសសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន «ជិតដល់ទីបញ្ចប់» រួចរៀបចំជួបហ្សេឡេនស្គី

ពូទីន ប្រកាសសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន «ជិតដល់ទីបញ្ចប់» រួចរៀបចំជួបហ្សេឡេនស្គី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែនអាចនឹង «ឈានដល់ទីបញ្ចប់» ហើយលោកបានសម្តែងឆន្ទៈត្រៀមខ្លួនជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី នៅក្នុងប្រទេសទីបី ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។

ការលើកឡើងដូចនេះរបស់លោក ពូទីន កើតឡើងពេលធ្វើអត្ថាធិប្បាយទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានសន្យាជ័យជម្នះនៅអ៊ុយក្រែន ក្នុងក្បួនដង្ហែរទិវាជ័យជម្នះដែលមានការរឹតបន្តឹងសន្តិសុខខ្លាំងបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីដើមឆ្នាំ២០២២។

image

យោងតាម Al Jazeera ការធ្វើអត្ថាធិប្បាយរបស់លោក ពូទីន ក៏កើតមានស្របពេលដែលរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមបទឈប់បាញ់រយៈពេលបីថ្ងៃ និងបានយល់ព្រមផ្លាស់ប្តូរអ្នកទោសចំនួន ១០០០ នាក់ ដែលជាសញ្ញាវិជ្ជមានសម្រាប់វឌ្ឍនភាពការទូតឡើងវិញ។

នៅក្នុងក្បួនដង្ហែរព្យុហយាត្រាយោធានៅទីក្រុងមូស្គូ លោក ពូទីន បានចាត់ទុកកងកម្លាំងប្រយុទ្ធនៅអ៊ុយក្រែនជាទ័ពឈ្លានពានដែលគាំទ្រដោយណាតូ។ តាមការដកស្រង់សម្តីដោយ Al Jazeera លោក ពូទីន បញ្ជាក់ថា៖ «ជ័យជម្នះតែងតែមាន ហើយនឹងជារបស់យើង»។

ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីនោះ លោកពូទីន បានស្តីបន្ទោស «ឥស្សរជនសកលនិយម» លោកខាងលិចចំពោះសង្គ្រាមនេះ ដោយចោទថាពួកគេបានព្យាយាមទាញអ៊ុយក្រែនចូលទៅក្នុងគន្លងរបស់សហភាពអឺរ៉ុប បន្ទាប់ពីការដួលរលំជញ្ជាំងប៊ែរឡាំង។ បន្ទាប់មកលោកបានប្រកាសថា «ខ្ញុំគិតថាបញ្ហានេះកំពុងឈានដល់ទីបញ្ចប់ហើយ»។

គួរបញ្ជាក់ថា ទិវាជ័យជម្នះប្រចាំឆ្នាំរបស់រុស្ស៊ី គឺដើម្បីរំលឹកដល់ជ័យជម្នះរបស់សហភាពសូវៀតលើណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ ក្បួនដង្ហែរឆ្នាំនេះមានភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ដោយបង្ហាញវីដេអីគ្រឿងបរិក្ខារយោធានៅលើអេក្រង់យក្សជាជាងរថក្រោះ និងមីស៊ីលពិតប្រាកដ។ ជាលើកដំបូងដែលក្បួនដង្ហែរបានបង្ហាញកងទ័ពមកពីកូរ៉េខាងជើង ដើម្បីគោរពដល់ទីក្រុងព្យុងយ៉ាងដែលបានបញ្ជូនទាហានទៅប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីនៅតំបន់ Kursk។

administrator

Related Articles