រាជធានីភ្នំពេញ៖ បណ្តាញគ្រឹះស្ថាន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានប្រកាសចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគរួមគ្នា ដើម្បីបង្កើតសាលារៀនថ្មីចំនួន ៤ បន្ថែមទៀត ក្នុងគោលដៅពង្រីកវិសាលភាពអប់រំឱ្យកាន់តែខិតជិតសហគមន៍នៅតាមបណ្តារាជធានី និងខេត្តគោលដៅ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ពិធីចុះហត្ថលេខានេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលថ្មីៗកន្លងទៅ នៅសណ្ឋាគារ SUN & MOON Riverside។

គ្រឹះស្ថានអប់រំថ្មីទាំង ៤ រួមមាន៖ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង និងសាខាក្រុងពោធិ៍សាត់, សាលារៀនណត្សឡាញន៍ សាខាចោមចៅ (ខណ្ឌពោធិ៍សែនជ័យ), សាលារៀនសហគមន៍២១ សាខាមោងឬស្សី (ខេត្តបាត់ដំបង)។ គ្រឹះស្ថានទាំងនេះកំពុងទទួលចុះឈ្មោះសិស្សចូលរៀន ជាមួយនឹងការផ្តល់ជូនពិសេសរហូតដល់ថ្ងៃបើកវគ្គសិក្សាថ្មី។

សូមរំលឹកថា WEG បានរៀបចំ “មូលនិធិអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល” ដោយត្រៀមកញ្ចប់ថវិការហូតដល់ ៣,០០០,០០០ ដុល្លារអាមេរិក (បីលានដុល្លារ)។ គោលបំណងចម្បងគឺជំរុញគុណភាពអប់រំ និងពង្រីកវិសាលភាពបណ្តុះបណ្តាលនៅកម្ពុជា តាមរយៈការវិនិយោគរួមជាមួយគ្រឹះស្ថានអប់រំឯកជនដែលមានចក្ខុវិស័យដូចគ្នា។

ការសម្រេចចិត្តពង្រីកសាខាបន្ថែមក្នុងឆ្នាំ ២០២៦ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់សាធារណជន និងបណ្តុះបណ្តាលធនធានមនុស្សកាន់តែច្រើន ដើម្បីអភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ។ លើសពីនេះ កិច្ចសហការនេះឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់វិនិយោគិនមកលើប្រព័ន្ធគ្រប់គ្រងរបស់ WEG ដែលមានភាពរឹងមាំ និងទទួលបានការគាំទ្រពីមាតាបិតាសិស្ស។
គួរបញ្ជាក់ផងដែរថា WEG ទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ កម្មវិធីអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស នៅសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ ដែលជាយុទ្ធសាស្ត្រសមាហរណកម្មកម្មវិធីសិក្សាជាតិជាមួយស្តង់ដាអប់រំលំដាប់ពិភពលោក ដើម្បីផ្តល់ជូនសិស្សនូវគុណវុឌ្ឍិទទួលស្គាល់ជាសកល អាចបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសអភិវឌ្ឍន៍នានា៕
