អ្នកឡើងភ្នំជនជាតិសិង្ហបុរីពីរនាក់ ដែលបានបាត់ខ្លួនត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងការផ្ទុះភ្នំភ្លើង Dukono ក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាម The Straits Times ផ្សាយនៅថ្ងៃទី១០ ខែឧសភា ស្រង់សម្តីប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូណេស៊ី។
ទោះជាយ៉ាងណា ក្រុមជួយសង្គ្រោះមិនទាន់អាចរកឃើញសាកសពរបស់ពួកគេនៅឡើយទេ ដោយសារតែស្ថានភាពអាកាសធាតុអាក្រក់ព្រោះតែភ្លៀងធ្លាក់ខ្លាំង។

លោក Iwan Ramdani ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះ Ternate បានប្រាប់ The Straits Times ថា៖ «ជនរងគ្រោះទាំងពីរនាក់ស្ថិតនៅចម្ងាយប្រហែលត្រឹមតែ ៥០ ម៉ែត្រពីកំពូលភ្នំដែលផ្ទុះនោះ ហើយត្រូវបានគេជឿថាបានស្លាប់។ ក្រុមជួយសង្គ្រោះកំពុងព្យាយាមរកឲ្យឃើញសាកសពពួកគេ ប៉ុន្តែការជម្លៀសត្រូវបានរារាំងដោយភ្លៀង ហើយប្រតិបត្តិការនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន»។
លោក Riswan Umar អ្នកស្រុកម្នាក់ដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ បានបន្ថែមថា ជនរងគ្រោះទាំងពីរត្រូវបានរកឃើញ និងកប់នៅក្រោមសំណល់ភ្នំភ្លើង។
ក្រុមស្វែងរក និងជួយសង្គ្រោះឥណ្ឌូណេស៊ីបានចេញដំណើរទៅកាន់ភ្នំភ្លើង Dukono នាព្រឹកព្រលឹមថ្ងៃទី១០ ឧសភា ក្នុងការស្វែងរកជនរងគ្រោះដែលបាត់ខ្លួនតាំងពីថ្ងៃទី៨ ឧសភា។ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងពេញមួយយប់បាននាំល្បាប់ភក់យ៉ាងច្រើនមកកាន់ផ្លូវដីតូចចង្អៀត ដែលជាឧបសគ្គយ៉ាងធំធេងដល់ប្រតិបត្តិការសង្គ្រោះនេះ។
