AUPP ប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី១០ បណ្តុះបណ្តាលអ្នកដឹកនាំសកល និងអ្នកកសាងជាតិអស់រយៈពេលមួយទសវត្សរ៍

AUPP ប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី១០ បណ្តុះបណ្តាលអ្នកដឹកនាំសកល និងអ្នកកសាងជាតិអស់រយៈពេលមួយទសវត្សរ៍

រាជធានីភ្នំពេញ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) កាលពីពេលថ្មីៗនេះ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី១០ យ៉ាងអធិកអធម ក្រោមប្រធានបទ «អបអរសាទរ ១០ ឆ្នាំ នៃការបណ្តុះបណ្តាលអ្នកកសាងជាតិ និងអ្នកដឹកនាំសកល»។ ពិធីនេះបានប្រារព្ធធ្វើនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីនិស្សិតបញ្ចប់ការសិក្សា មាតាបិតា អាណាព្យាបាល សាស្ត្រាចារ្យ ភ្ញៀវកិត្តិយស និងដៃគូសិក្សាជាច្រើនរូប។

AUPP Graduation

ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាស្ថាបនិករបស់ AUPP ដែលចក្ខុវិស័យ និងការដឹកនាំរបស់ឯកឧត្តមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧត្តមសិក្សានៅកម្ពុជា។

AUPP Ceremony

ពិធីប្រគល់សញ្ញាបត្រនេះ មិនត្រឹមតែជាការអបអរសាទរសមិទ្ធផលផ្នែកសិក្សាប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញពីភាពអត់ធ្មត់ មហិច្ឆតា និងការផ្លាស់ប្តូររបស់និស្សិតពីជំនាញផ្សេងៗ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមអភិវឌ្ឍសង្គមទាំងក្នុងស្រុក និងអន្តរជាតិ។

AUPP Event

សុន្ទរកថាពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ តំណាងពី Fort Hays State University, University of Arizona និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ឡើងវិញពីបេសកកម្មរបស់ AUPP ក្នុងការផ្តល់ការអប់រំកម្រិតស្តង់ដារអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកម្មវិធីសញ្ញាបត្រទ្វេដែលទទួលស្គាល់ជាសកល។

AUPP Awards

និស្សិតឆ្នើមត្រូវបានទទួលស្គាល់តាមរយៈពានរង្វាន់កិត្តិយសជាច្រើន រួមមាន ពានរង្វាន់និស្សិតឆ្នើមសញ្ញាបត្ររបស់ Fort Hays State University, ពានរង្វាន់និស្សិតឆ្នើម UA Micro-campus, ពានរង្វាន់សិស្សឆ្នើម និង ពានរង្វាន់ Founder’s Leadership Award 2026 ជាលើកដំបូង។

AUPP Students

ក្នុងឱកាសអបអរសាទរនិស្សិតជំនាន់ទី១០ សាកលវិទ្យាល័យក៏បានបង្ហាញសមិទ្ធផលគួរឱ្យកត់សម្គាល់ រួមមានភាពជោគជ័យនៃកម្មវិធី Japanese IT Pathway ដែលនិស្សិតជំនាន់ដំបូងកំពុងត្រៀមខ្លួនចាប់ផ្តើមអាជីពនៅប្រទេសជប៉ុន និងការដាក់ឱ្យប្រើប្រាស់ AUPP Alumni App ដែលត្រូវបានអភិវឌ្ឍដោយនិស្សិត AUPP ផ្ទាល់។

AUPP Group

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ពិភពលោកកំពុងឈានចូលយុគសម័យថ្មីដែលគូសវាសដោយបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងប្រព័ន្ធដែលដំណើរការផ្អែកលើទិន្នន័យ។ ឯកឧត្តមបានបញ្ជាក់ថា «បច្ចេកវិទ្យា» ត្រូវបានបញ្ចូលជាអាទិភាពគន្លឹះទី៥ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជា ដោយបច្ចេកវិទ្យាមិនមែនជាវិស័យមួយទេ តែជាគន្លឹះសម្រាប់ជំរុញគ្រប់វិស័យ។

AUPP Leaders

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់និស្សិតថា សូមប្រុងប្រៀបដើម្បីបន្តអភិវឌ្ឍខ្លួនជានិច្ច ហើយសមត្ថភាពរបស់ពួកគេក្នុងការរៀន សម្របខ្លួន និងវិវឌ្ឍខ្លួន នឹងកំណត់អនាគតរបស់ពួកគេ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅក្នុងពិភពឌីជីថល រូបិយបណ្ណដែលមានតម្លៃជាងគេគឺទំនុកចិត្ត។

AUPP Celebration

AUPP មានមោទនភាពចំពោះមួយទសវត្សរ៍នៃការបណ្តុះបណ្តាលនិស្សិតដែលពោរពេញដោយឧត្តមភាព សុចរិតភាព និងភាពជាអ្នកដឹកនាំ។ និស្សិតបញ្ចប់ការសិក្សាទាំងនេះកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស៕

administrator

Related Articles