ល្អគ្រប់គុណ! ត្បូងទទឹមធំជាងគេ​មិន​ធ្លាប់​មាន ទម្ងន់​១១,០០០​ការ៉ាត់ ត្រូវ​បាន​រក​ឃើញ​នៅ​មីយ៉ាន់ម៉ា

ល្អគ្រប់គុណ! ត្បូងទទឹមធំជាងគេ​មិន​ធ្លាប់​មាន ទម្ងន់​១១,០០០​ការ៉ាត់ ត្រូវ​បាន​រក​ឃើញ​នៅ​មីយ៉ាន់ម៉ា

ត្បូងទទឹមយក្ស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានចេញផ្សាយដំណឹងរំភើប នៅថ្ងៃទី៨ ឧសភា ថាគេបានរកឃើញត្បូងទទឹមយក្សទម្ងន់ ១១,០០០ ការ៉ាត់ (ប្រមាណ ២.២គីឡូក្រាម) ដែលជាត្បូងដ៏កម្រ និងធំបំផុតមួយមិនធ្លាប់មាន នៅក្នុងប្រទេសដែលល្បីខាងសម្បូរត្បូងមានតម្លៃបំផុតក្នុងលោក។

ត្បូងទទឹម

យោងតាមកាសែតរដ្ឋ Global New Light of Myanmar លោក Min Aung Hlaing អតីតមេដឹកនាំរដ្ឋប្រហារ និងបច្ចុប្បន្នជាប្រធានាធិបតី បានពិនិត្យមើលដុំត្បូងនេះដោយផ្ទាល់នៅក្នុងការិយាល័យ។ រដ្ឋាភិបាលបញ្ជាក់ថា ត្បូងនេះត្រូវបានជីករកឃើញនៅតំបន់ Mogok ដ៏ល្បីល្បាញ ដែលជាប្រភពនៃត្បូងទទឹមពណ៌ «ឈាមលលក» (Pigeon-blood) ដ៏កម្រ។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ត្បូងនេះមានពណ៌ក្រហមលាយស្វាយ មានពន្លឺពណ៌លឿងស្រាលៗ ជាប្រភេទគុណភាពខ្ពស់បំផុត។

ត្បូងទទឹម Mogok

ទោះបីវាតូចជាងត្បូងទទឹម ២១,៤៥០ ការ៉ាត់ ដែលរកឃើញក្នុងតំបន់ដដែលកាលពីឆ្នាំ ១៩៩៦ ក៏ដោយ រដ្ឋាភិបាលអះអាងថាត្បូងថ្មីនេះមានតម្លៃជាង ដោយសារ «ពណ៌ ពន្លឺថ្លា និងគុណភាពល្អដាច់គេ» បើទោះមិនទាន់បញ្ជាក់តម្លៃជាក់លាក់ក៏ដោយ។ តំបន់ជ្រលងភ្នំ Mogok ក្នុង Mandalay ជាកន្លែងដែលអធិរាជ ស្តេច និងមេទ័ពតែងតែដណ្តើមកាន់កាប់តាំងពីបុរាណ ដោយសារតែត្បូងទទឹមនៅទីនេះអាចលក់បានរាប់លានដុល្លារក្នុងឧស្សាហកម្មខ្វះការគ្រប់គ្រងច្បាស់លាស់។

ត្បូងទទឹមយក្សមីយ៉ាន់ម៉ា

គួររំលឹកថា មីយ៉ាន់ម៉ាត្រូវរបបយោធាគ្រប់គ្រងតាំងពីរដ្ឋប្រហារ ២០២១ បង្កឲ្យមានសង្គ្រាមស៊ីវិល ប៉ុន្តែលោក Min Aung Hlaing បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស៊ីវិលកាលពីខែមុន បន្ទាប់ពីការបោះឆ្នោតដ៏តឹងរ៉ឹង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles