លោក Trump ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន យល់ព្រមឈប់បាញ់គ្នារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩-១១ ឧសភា ក្រោមសំណើរបស់លោក ដោយសង្ឃឹមថានឹងនាំទៅរកការបញ្ចប់សង្គ្រាម។
លោក Trump បានសរសេរនៅលើ Truth Social នៅថ្ងៃទី ៨ ឧសភាថា៖ «សំណើនេះជារបស់ខ្ញុំ ហើយខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចព្រមព្រៀងពីលោក Putin និងលោក Zelensky»។ លោកបន្ថែមថា ភាគីទាំងពីរក៏ឯកភាពផ្លាស់ប្តូរអ្នកទោសចំនួន ១,០០០ នាក់ផងដែរ។
ប្រធានាធិបតី Zelensky បានបញ្ជាឱ្យកងទ័ពអ៊ុយក្រែន មិនត្រូវកំណត់គោលដៅលើទីលានក្រហមនៅទីក្រុងមូស្គូនៅថ្ងៃទី ៩ ឧសភាឡើយ។ វិមានក្រឹមឡាំងស្វាគមន៍សំណើនេះ ដោយចាត់ទុកថាស្របនឹង «ថ្ងៃឈប់សម្រាកដ៏ពិសិដ្ឋ» របស់រុស្ស៊ី។
ប្រភពជាន់ខ្ពស់អ៊ុយក្រែនប្រាប់ AFP ថា កិច្ចព្រមព្រៀងនេះរួមមានការមិនបាញ់យន្តហោះគ្មានមនុស្សបើកនៅទីក្រុងមូស្គូ។ មុនពេលឈប់បាញ់ រុស្ស៊ី និងអ៊ុយក្រែនបានវាយប្រហារសងសឹកគ្នាទៅវិញទៅមក ដោយអ៊ុយក្រែនបាញ់យន្តហោះគ្មានមនុស្សបើក ៦៧ គ្រឿង រីឯរុស្ស៊ីបានបាញ់ទម្លាក់ជាង ៤០០ គ្រឿង។

ក្រសួងដឹកជញ្ជូនរុស្ស៊ីបានបិទអាកាសយានដ្ឋានប្រហែល ១៣ កន្លែងនៅភាគខាងត្បូង ក្រោយយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនវាយប្រហារមជ្ឈមណ្ឌលត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស Rostov-on-Don។ លោក Putin ហៅសកម្មភាពនេះថាជា «ទង្វើភេរវកម្ម»។
