ខេត្តបាត់ដំបង៖ សាកសពបុរសស្រវឹងស្រាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយរប៉ាត់រប៉ាយតាមផ្លូវដែក បន្ទាប់ពីត្រូវរថភ្លើងកិនដាច់ជាច្រើនកំណាត់ ក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមរបាយការណ៍ពីលោក សេង លុច អធិការស្រុកថ្មគោល ជនរងគ្រោះមានឈ្មោះ លន់ តក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកភូមិអូរញរផ្ទាល់។ សាកសពរបស់គាត់ត្រូវបានគេប្រទះឃើញនៅវេលាជាងម៉ោង៦ព្រឹក ថ្ងៃទី០៧ ឧសភា ដោយដាច់ពាក់កណ្តាលខ្លួន និងដាច់ផ្នែកខ្លះទៀត រាយពាសពេញតាមដងផ្លូវដែក។

បើតាមការសន្និដ្ឋានរបស់អ្នកភូមិ គ្រោះថ្នាក់នេះទំនងជាកើតឡើងនៅវេលាប្រហែលម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៦ ឧសភា ស្របពេលដែលមានរថភ្លើងមួយខ្សែចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះមកកាន់ខេត្តបាត់ដំបងបើកឆ្លងកាត់។
អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះមានទម្លាប់ផឹកស្រាស្រវឹងជាប្រចាំ ស្ទើរក្លាយជាមនុស្សបាត់បង់សតិអស់ហើយ។ ពេលស្រវឹងជោកជាំ គាត់តែងតែដើរទៅដេកលើផ្លូវដែកបែបនេះជាទម្លាប់ ពេលខ្លះទៀតថែមទាំងគ្មានសម្លៀកបំពាក់សោះឡើយ។ នៅពេលកើតហេតុ គាត់ក៏គ្មានខោអាវស្លៀកដែរ គឺនៅអាក្រាតទាំងស្រុង។

លោកអធិការ សេង លុច បានបញ្ជាក់ថា ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋ មន្ត្រីបានចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗ និងបានរកឃើញថា សាកសពជនរងគ្រោះត្រូវបានរថភ្លើងកិនដាច់ដងខ្លួន និងដៃជាច្រើនកំណាត់។ ប៉ុន្តែរហូតមកដល់ពេលនេះ មន្ត្រីនៅមិនទាន់ស្គាល់ខ្សែរថភ្លើង ឬអត្តសញ្ញាណអ្នកបើកបរនៅឡើយទេ។
