ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងធ្លាប់លួចម៉ូតូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ចំណុចកញ្ចុះដីឡូត៍ ភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី។

ដោយអនុវត្តតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកគងពិសី បានចុះល្បាតដល់ចំណុចកើតហេតុ និងធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៤នាក់ រួមមាន៖
១- ឈ្មោះ វ៉ាន់ ខុង ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២- ឈ្មោះ ខុន សុធារី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិកំពង់ភ្នំ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល
៣- ឈ្មោះ រិន អេ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៤- ឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន ០២គ្រឿង (ម៉ាក Wave គ្មានស្លាកលេខ និង Honda C.125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ស្លាកលេខរលប់) និងឧបករណ៍ប្រើប្រាស់សម្រាប់កាច់ឆ្កឹះសោរម៉ូតូមួយចំនួនទៀត។

ក្រោយការឃាត់ខ្លួន ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាមានបំណងធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ និងកាត់ខ្សែភ្លើងមែន។ ជនសង្ស័យឈ្មោះ វ៉ាន់ ខុង និង រិន អេ ថែមទាំងបានសារភាពទៀតថា ម៉ូតូចំនួន ០២គ្រឿងដែលដកហូតបាននេះ គឺពួកគេធ្លាប់បានលួចយកម៉ូតូសណ្តោង ឬម៉កដែលទុកចោលតាមផ្លូវជាតិលេខ ១ ក្នុងស្រុកគៀនស្វាយ ខេត្តកណ្តាល កាលពីប្រហែល ៣ខែមុន។
លើសពីនេះទៀត ជនសង្ស័យទាំង ០២នាក់នេះ បានបន្តសារភាពថា ពួកគេធ្លាប់ប្រព្រឹត្តសកម្មភាពលួចម៉ូតូនៅក្រុងអរិយក្សត្រ ចំនួន ០៤លើក ដោយលួចបានម៉ូតូម៉ាកស្តុបពីចំនួន ០១គ្រឿង និងហុងដា C.125 ចំនួន ០៣គ្រឿង ដោយលើកចុងក្រោយ គឺនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៦ នៅម្តុំវត្តវិហារសូគ៌។



បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ (ក្នុងចំណោម ៤នាក់) ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
