ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើសកម្មភាពបង្ក្រាបយ៉ាងស្វាហាប់ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ៣នាក់ និងដកហូតរថយន្តចំនួន ៥គ្រឿង ព្រមទាំងឯកសារក្លែងមួយចំនួនទៀត។

មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា កាលពីវេលាម៉ោង ១៤:០៦ នាទី ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដែលជាម្ចាស់រថយន្ត មានទីលំនៅក្នុងរាជធានីភ្នំពេញ។

ភ្លាមៗក្រោយទទួលបណ្តឹង កម្លាំងការិយាល័យជំនាញនៃកងអាវុធហត្ថខេត្តសៀមរាប បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ (ក្នុងនោះមានស្រី ០១នាក់) ដែលពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

វត្ថុតាងចាប់យកបានរួមមាន រថយន្តចំនួន ៥គ្រឿង និងឯកសារក្លែងមួយចំនួនទៀត។ ក្នុងការសាកសួរ ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ខាងលើមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
